អ៊ុយក្រែន តែងតាំងលោកស្រី Yulia Svyrydenko ជានាយករដ្ឋមន្ត្រីថ្មី
ទីក្រុងគៀវ៖ សភាអ៊ុយក្រែន នៅថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ ២០២៥ បានបោះឆ្នោតជ្រើសរើសលោកស្រី យូលីយ៉ា ស្វីរីដិនកូ (Yulia Svyrydenko) ដែលពីមុនជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២៥។
ប្រភពដដែលបន្តថា ការជ្រើសរើសរើសលោកស្រី យូលីយ៉ា ស្វីរីដិនកូ បន្ទាប់ពី អ៊ុយក្រែនទើបតែបានធ្វើការរុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំបំផុតរបស់ខ្លួន ចាប់តាំងពីមានការឈ្លានពានទឹកដីពីដំណាក់ប្រទេសរុស្ស៊ីដែលបានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ ២០២២។
លោកស្រីយូលីយ៉ា ស្វីរីដិនកូ បានឡើងមកជំនួសលោក ដេនីស ឈមីហាល់ (Denys Shmyhal) ដែលបានបម្រើការជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ ២០២០ ហើយឥឡូវនេះនឹងទទួលតួនាទីជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី (Volodymyr Zelenskyy) បានផ្តួចផ្តើមការកែទម្រង់គណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំនេះ ដោយមានគោលបំណង “ធ្វើឱ្យការងាររបស់រដ្ឋាភិបាលមានភាពថ្មីស្រឡាងយ៉ាងសំខាន់” និងផ្តល់ថាមពលឡើងវិញដល់ប្រទេសដែលហត់នឿយដោយសារសង្រ្គាម។
លោកស្រី យូលីយ៉ា ស្វីរីដិនកូ វ័យ ៣៩ ឆ្នាំ បានល្បីល្បាញដោយសារតួនាទីរបស់លោកស្រីក្នុងការចរចាកិច្ចព្រមព្រៀងរ៉ែជាមួយសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ។ អាទិភាពរបស់លោកស្រីក្នុងនាមជានាយករដ្ឋមន្ត្រីថ្មី រួមមានការពង្រឹងសេដ្ឋកិច្ចអ៊ុយក្រែនដែលរងការវាយប្រហារដោយសង្រ្គាម ការពង្រីកកម្មវិធីគាំទ្រក្នុងស្រុក និងការបង្កើនផលិតកម្មអាវុធ។
ការរុះរើគណៈរដ្ឋមន្ត្រីនេះកើតឡើងនៅពេលដ៏សំខាន់មួយក្នុងជម្លោះដែលកំពុងបន្ត ខណៈដែលការចរចាសន្តិភាពដោយផ្ទាល់រវាងរុស្ស៊ី និងអ៊ុយក្រែនបានជាប់គាំង ហើយសហរដ្ឋអាមេរិកបានប្រកាសបង្កើនការគាំទ្រផ្នែកយោធាសម្រាប់ទីក្រុងគៀវ៕
https://www.aljazeera.com/news/2025/7/18/ukraine-appoints-new-prime-minister-in-major-government-reshuffle