Close

ក្រុមហ៊ុន Visa មានបំណងពង្រីកការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា

ដោយ៖ Chhan Sreyka ​​ | 3 ម៉ោងមុន ព័ត៌មានជាតិ
ក្រុមហ៊ុន Visa មានបំណងពង្រីកការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា ក្រុមហ៊ុន Visa មានបំណងពង្រីកការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា

ភ្នំពេញ៖ លោកស្រី Lisa Sargent នាយកប្រចាំប្រទេសកម្ពុជារបស់ក្រុមហ៊ុន Visa ថ្លែងថា Visa មានបំណងរួមចំណែកបង្កើតផលវិជ្ជមានជ្រាលជ្រៅនៅកម្ពុជា និងចង់សហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីស្វែងយល់ពីតម្រូវការរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ការលើកឡើងបែបនេះ របស់លោកស្រី Lisa Sargent ក្នុងគ្រាដែល លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានទទួលជួប ពិភាក្សាអំពីឱកាសសហការគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម
និងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

កិច្ចពិភាក្សាក៏ផ្តោតលើលទ្ធភាពរបស់ Visa ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ តាមរយៈគំនិតផ្តួចផ្តើមលើកម្ពស់ចំណេះដឹងផ្នែកឌីជីថល ដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយបរិយាបន្ន និងការវិភាគទិន្នន័យសម្រាប់គ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ។

ក្រុមហ៊ុន Visa មានបំណងពង្រីកការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា

លោកស្រី Sargent ដែលក៏ជាសមាជិកគណៈគ្រប់គ្រងតំបន់អាស៊ីអាគ្នេយ៍របស់ Visa ដែរនោះ បានជម្រាបជូនអំពីកិច្ចសហការដែល Visa មានជាមួយធនាគារជាតិនៃកម្ពុជា ក្រសួងទេសចរណ៍ និងក្រសួងកិច្ចការនារី លើគំនិតផ្តួចផ្តើម Bakong Tourists App ការលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុ និងការគាំទ្រសហគ្រិនស្ត្រី។

ក្នុងជំនួបនោះ លោក ហែម វណ្ណឌី បានកោតសរសើរចំពោះក្រុមហ៊ុន Visa ដែលបានពង្រីកតួនាទីគាំទ្រសហគ្រិនភាព និងនវានុវត្តន៍ក្នុងស្រុក បន្ថែមលើសេវាទូទាត់របស់ខ្លួន។ លោកក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងបានរំលេចពីសារៈសំខាន់នៃបរិយាបន្នហិរញ្ញវត្ថុសម្រាប់កំណើនសហគ្រាសធុនមីក្រូ តូច និងមធ្យម។

ជាមួយគ្នានេះលោកហែម វណ្ណឌី បានលើកទឹកចិត្តឱ្យ Visa ពិចារណាសហការជាមួយគ្រឹះស្ថានធនាគារ ដើម្បី
អនុវត្តគំនិតផ្តួចផ្តើម “ចំណាត់ថ្នាក់ឥណទាន” សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយលើកឡើងថា៖ “គោលដៅគឺជួយសម្រួលដល់ការផ្តល់ហិរញ្ញប្បទានដែលមានតម្លៃសមរម្យសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងជួយពួកគេកុំឱ្យធ្លាក់ក្នុងអន្ទាក់កម្ចីក្រៅផ្លូវការ។”
Visa ជាក្រុមហ៊ុនបច្ចេកវិទ្យាសកលមួយផ្នែកទូទាត់ ដែលមានវត្តមានក្នុងប្រមាណ ២០០ ប្រទេស/តំបន់នៅជុំវិញពិភពលោក៕

ក្រុមហ៊ុន Visa មានបំណងពង្រីកការគាំទ្រសហគ្រាសធុនតូច និងមធ្យម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធរបស់កម្ពុជា