អភិបាលក្រុងអ៊ូស៊ី ប្តេជ្ញាបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុរីកចម្រើនមួយកម្រិតទៀត
ភ្នំពេញ៖ លោក ចាវ ជានជីន (Zhao Jianjun) អភិបាលក្រុងអ៊ូស៊ីសាធារណរដ្ឋប្រជាមានិតចិនបានបង្ហាញនូវការប្តេជ្ញាក្នុងការបន្តជំរុញធ្វើឱ្យតំបន់សេដ្ឋកិច្ចពិសេសនេះកាន់តែមានការរីកចម្រើនមួយកម្រិតទៀតតាមរយៈការខិតខំជំរុញឱ្យវិនិយោគិនចិន ពិសេសវិនិយោគិនមកពីខេត្តជាំងស៊ូ និងទីក្រុងអ៊ូស៊ី មកបណ្តាក់ទុនវិនិយោគបន្ថែមទៀត។
ការប្តេជ្ញាចិត្តបែបនេះ លោក ចាវ ជានជីន ធ្វើឡើងក្នុងពេលលោក ចូលជួបពិភាក្សាការងារជាមួយ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៥។
នាឱកាសនោះ លោក ចាវ ជានជីន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលតែងតែបានផ្តល់ការគាំទ្រដល់កិច្ចដំណើរការនៃគម្រោងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានធ្វើឱ្យតំបន់សេដ្ចកិច្ចពិសេសនេះមានការរីកចម្រើនជាបន្តបន្ទាប់។
លោកបន្ថែមថាក្នុងន័យនេះហើយដែលនៅពេលថ្មីៗនេះ ក៏មានការតភ្ជាប់ជើងហោះហើរផ្ទាល់ពីខេត្តអ៊ូស៊ី មកកាន់ខេត្តព្រះសីហនុ ហើយនៅពេលខាងមុខ ក៏នឹងមានការតភ្ជាប់ការដឹកជញ្ជូនទំនិញផ្ទាល់រវាងខេត្តជាំងស៊ូ និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
បន្ថែមលើនេះ លោក ចាវ ជានជីន បានជម្រាបជូនថា ភាគីចិនបានមានគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួនពីរទៀតនៅកម្ពុជា គឺទី១-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់ឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងទី២-តំបន់សេដ្ឋកិច្ចពិសេសសម្រាប់វិស័យកសិ-ឧស្សាហកម្ម។
ជាការឆ្លើយតប លោកជា វុទ្ធី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ និងប្រជាជននៃទីក្រុងអ៊ូស៊ីដែលតែងតែខិតខំជំរុញ និងគាំទ្រវិនិយោគិនមកពីទីក្រុងអ៊ូស៊ីដើម្បីមកបណ្តាក់ទុនវិនិយោគនៅប្រទេសកម្ពុជា ជាពិសេសនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
លោកក៏បានលើកទ្បើងពីភាពល្អប្រសើរនៃស្ថានភាពវិនិយោគនៅកម្ពុជាដែលឆ្លុះបញ្ចាំងតាមរយៈកំណើនវិនិយោគដ៏គំហុកក្នុងឆ្នាំ២០២៤ និងកំណើនវិនិយោគក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥, ការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា, ពិសេសភាពរីកចម្រើនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបច្ចុប្បន្នបានទាក់ទាញការវិនិយោគមកក្នុងតំបន់បានប្រមាណ ២០០ក្រុមហ៊ុន ហើយទំហំនៃការនាំចេញទំនិញពីតំបន់សេដ្ឋកិច្ចពិសេសនេះ មានប្រមាណ ៣០%នៃការនាំចេញសរុបពីតំបន់សេដ្ឋកិច្ចពិសេសទាំងអស់។
លោកសង្កត់ធ្ងន់ទៀតថា ការទទួលបាននូវសមិទ្ធផលដ៏ត្រចេះត្រចង់នាពេលនេះគឺដោយសារចំណងមិត្តភាពដែកថែបនៃប្រទេសទាំងពីរ កម្ពុជា-ចិន ដែលបានចាក់គ្រឹះយ៉ាងជ្រៅ និងត្រូវបានពង្រីកឱ្យកាន់តែស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយបន្ថែមទៀត ហើយដែលបច្ចុប្បន្ននេះ កម្ពុជា-ចិន បានឈានដល់កម្រិតក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដែលជាក្របខណ្ឌកិច្ចសហប្រតិបត្តិការកម្រិតកំពូលមួយរវាងប្រជាជាតិនៃប្រទេសទាំងពីរ។
ជាមួយគ្នានេះ លោកក៏បានលើកឡើងពីសារៈសំខាន់នៃការពន្លឿនការកសាង “ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា” និង “ច្រករបៀងមច្ឆា និងអង្ករ” ក្នុងការជំរុញទាក់ទាញការវិនិយោគ ហើយរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការធ្វើពិពិធកម្មទីផ្សារសម្រាប់ទំនិញនាំចេញពីកម្ពុជា។
លោកសង្ឃឹមយ៉ាងមុតមាំថា តាមរយៈជំនួបពិភាក្សាលើកនេះ ថ្នាក់ដឹកនាំរបស់ទីក្រុងអ៊ូស៊ីនឹងបន្តជំរុញវិនិយោគិនពីទីក្រុងអ៊ូស៊ី ជាពិសេសនាំយកនូវឧស្សាហកម្មដែលប្រើបច្ចេកវិទ្យាទំនើប និងគម្រោងវិនិយោគក្នុងវិស័យថាមពលបៃតង និងឌីជីថលមកកាន់កម្ពុជា។ មួយវិញទៀត លោកក៏បានស្នើសូមឱ្យភាគីចិនជួយជំរុញឱ្យមានការវិនិយោគក្នុងការផលិតវត្ថុធាតុដើម ឬទំនិញពាក់កណ្តាលសម្រេចនៅកម្ពុជាឱ្យកាន់តែច្រើន ដើម្បីធានាស្ថិរភាពនៃខ្សែច្រវាក់ផ្គត់ផ្គង់៕