រដ្ឋមន្ត្រីទេសចរណ៍ចង់ប្រែក្លាយផ្ទះកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រ
កំពង់ចាម៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់បាន បានបង្ហើបពីគម្រោងកែច្នៃ និងរៀបចំផ្ទះនៅស្រុកកំណើត របស់សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន ។
ការបង្ហើបបែបនេះ ពីលោក ហួត ហាក់ ធ្វើឡើងនៅពេលលោកចូលរួមជាមួយ សម្ដេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ទស្សនាផ្ទះកំណើត របស់ សម្ដេចតេជោ ហ៊ុន សែន ស្ថិតក្នុងភូមិពាមក្រៅ ឃុំពាមកោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៥។
លោក ហួត ហាក់បន្ថែមថា ការប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោនេះ ដើម្បីទុកជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្ររបស់សម្តេចតេជោ ហ៊ុន សែន និងជាកំណប់ទ្រព្យរបស់អ្នកស្ទឹងត្រង់, ទុកជាការសិក្សាស្រាវជ្រាវរបស់យុវជនជំនាន់ក្រោយៗទៀត ក៏ដូចជា ការបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារ ដែលពឹងផ្អែកទៅលើវិស័យទេសចរណ៍ និងស្ទួយមុខមាត់ខេត្តកំពង់ចាមឲ្យកាន់តែមានភាពរីកចម្រើនប្រកបដោយ សក្តានុពល និងភាពទាកទាញ។
ជាការឆ្លើយតប សម្តេច ម៉ែន សំអន ក៏បាន សម្តែងនូវការកោតសសើរ ពេញចិត្ត និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមក្នុងប្រែក្លាយផ្ទះនៅស្រុកកំណើតសម្តេចតេជោ ទៅជារមណីយដ្ឋានប្រវត្តិសាស្ត្រតេជោសែន និងបានជម្រុញឲ្យលោក ហួត ហាក់ និង លោក អ៊ុន ចាន់ដា រួមសហការគ្នាសិក្សាអំពីនីតិវិធីក្នុងរៀបចំ។
តាមរយៈ លោផក ច្រឹង គឹមស្រ៊ាន អតីតសមាជិកព្រឹទ្ធសភានីតិកាលទី៤ បច្ចុប្បន្នជាទីប្រឹក្សាសម្តេច តេជោ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាប់ថា កាលពីអំឡុង ខែមករា ឆ្នាំ១៩៨៨ ដោយឃើញថាផ្ទះចាស់ មានសភាពទ្រុឌទ្រោមខ្លាំង ទើបសុំការឯកភាពពី លោក ហ៊ុន នាង រុះរើផ្ទះចាស់នោះចេញ ជំនួសដោយផ្ទះថ្មី ដែលសង់អំពីឈើប្រក់ក្បឿង ទំហំ ៦ម×១៤ម ដែលមានអ្នកស្រី សុន ជូ និងស្វាមី ជាអ្នកមើលថែទាំរហូតដល់សព្វថ្ងៃនេះ៕