នគរបាលខេត្តកំពង់ធំ៖ ការបង្ហោះរបស់ គណនីឈ្មោះ Son Chhay គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
កំពង់ធំ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សូមជម្រាប ជូនសាធារណជន អ្នកលេងបណ្តាញសង្គម និងម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Son Chhay កាលពីថ្ងៃទី ៦ ខែ ឧសភា ឆ្នាំ ២០២៥ បានបង្ហោះខ្លឹមសារពាក់ពន្ធ័និងសមត្ថកិច្ចនគរបាល ពិនិត្យល្បឿនឱ្យបានជ្រាបថា ៖
១-ការដាក់គោលដៅត្រួតពិនិត្យល្បឿនគឺអនុវត្តតាមគោលការណ៍ និងកម្មវិធីត្រួតពិនិ្យដែលមានការឯកភាពពីថ្នាក់ដឹកនាំត្រឹមត្រូវ មិនមែនជាការដាក់កុងត្រូលជជុះទេ។
២-ការអនុវត្តច្បាប់ៈផ្អែកតាមអនុក្រឹត្យលេខ ៣៩ បានចែងកំណត់អំពីអំពើល្មើសល្បឿនពី 1km ដល់ 19km/1h ត្រូវពិន័យអន្តរកាណ៍ជាប្រាក់ ១២០,០០០រៀល និងដកពិន្ទុប័ណ្ណបើកបរមួយពិន្ទុ។ដោយឡែករថយន្តម៉ាកតាកូម៉ា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BH-8514 បើកល្បឿន 93Km/1h លើសល្បឿនកំណត់ក្នុងច្បាប់ចរាចរណ៍ផ្លូវគោក ១៣km/១h ត្រូវពិន័យចំនួន ១២០,០០០រៀល តែអ្នកបើកបរមិនបាននិយាយតវ៉ាអ្វីទេគ្រាន់តែទម្លាក់លុយ ៤០,០០០រៀល នៅលើតុ ហើយដើរចេញទៅ នគរបាលជំនាញយើងធ្វើការឃាត់មិនទាន់។
ចំពោះរថយន្តម៉ាក RX330 ពណ៌ផ្ទៃមេឃ ភ្នំពេញ 2AS-9132 បើកបរដោយបុរសម្នាក់ជាអ្នកបើកបររថយន្តរបស់ លោក ស៊ុន ឆ័យ ល្មើសល្បឿន 18km/1h ពេលនោះនគរបាលចរាចរណ៍យើងបានសុំប័ណ្ណបើកបរដើម្បីធ្វើការត្រួតពិនិត្យ ហេីយបានធ្វើការអប់រំ និងអញ្ជើញឲ្យគាត់បន្តដំណើរ។
សូមបញ្ជាក់ថា ក្នុងច្បាប់ចរាចរណ៍មិនមានការផាកពិន័យ ២៤០,០០០រៀល ដូចការលើកឡើងរបស់គណនីហ្វេសបុក Son Chhay ឡើយ។
៣-ការថតរូបនៅគោលដៅត្រួតពិនិត្យល្បឿននគរបាលយើង មិនបានគំរាមអ្នកថតឡើយ តែបានសំណូមពរកុំឲ្យថត ព្រោះនគរបាលកំពុងបំពេញភារកិច្ច។
ការបង្ហោះរបស់គណនីឈ្មោះ Son Chhay គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់ ដូច្នេះស្នើដល់សាធារណជន មេត្តាជ្រាប និងស្នើម្ចាស់គណនីហ្វេសបុកឈ្មោះ Son Chhay ចុះផ្សាយកែតម្រូវឡើងវិញ៕