Close

ទស្សនៈ៤ចំណុចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការលើកកម្ពស់ជនមានពិការភាពក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយ

ដោយ៖ Volak ENN ​​ | ថ្ងៃពុធ ទី១៥ ខែមីនា ឆ្នាំ២០២៣ ព័ត៌មានជាតិ
ទស្សនៈ៤ចំណុចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការលើកកម្ពស់ជនមានពិការភាពក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយ ទស្សនៈ៤ចំណុចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការលើកកម្ពស់ជនមានពិការភាពក្នុងសហគមន៍ឱ្យកាន់តែទូលំទូលាយ

ភ្នំ​ពេញ​ : នាឱកាសបើកសន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកលើកទី៥ ឆ្នាំ២០២៣ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានផ្ដល់នូវទស្សនៈ៤ចំណុច សំដៅលើក កម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្នក្នុងសហគមន៍។

ដើម្បីរួមចំណែកដល់ការលើកកម្ពស់ជនមានពិការភាពប្រកបដោយបរិយាប័ន្នក្នុងសហគមន៍ និងក្នុងដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យបានច្រើនជាអតិបរមា សម្ដេចបានលើកទឹកចិត្ត និងផ្តល់នូវទស្សនៈចំនួន៤ ដូចខាងក្រោម​ ៖

១. គ្រប់កិច្ចអភិវឌ្ឍ រួមមានសកម្មភាពសង្គម សេដ្ឋកិច្ចនយោបាយ និងវប្បធម៌ត្រូវបានលើកទឹកចិត្ត និងលើកកម្ពស់ឱ្យ មានការចូលរួមជាអតិបរមារបស់ជនមានពិការភាពនៅកម្រិតសហគមន៍ឱ្យបានទូលំទូលាយ ដើម្បីសម្រេចបាននូវការអភិវឌ្ឍ ប្រកបដោយបរិយាប័ន្ន ទាំងទិដ្ឋភាព និងតួអង្គនៃការអភិវឌ្ឍ ។

២. ការបង្កើនកិច្ចសហការរវាងប្រជាជន រដ្ឋាភិបាល ដៃគូអភិវឌ្ឍ និងសង្គមស៊ីវិលត្រូវបានលើកទឹកចិត្ត សំដៅចែករំលែកបទពិសោធ ផ្លាស់ប្តូរបច្ចេកវិទ្យាព័ត៌មាន និងឧត្តមានុវត្តន៍ ជាក់ស្តែង ជាពិសេសមតិយោបល់ល្អៗនៃកិច្ចពិភាគ្សាគ្នាក្នុង រយៈពេល ៣ ថ្ងៃ នៃសន្និសីទនេះ សម្រាប់ជាធាតុចូលដល់ការ សម្រួចបន្ថែមលើផែនការអភិវឌ្ឍវិស័យពិការភាពនៅកម្រិត សហគមន៍ឱ្យបានកាន់តែស៊ីជម្រៅ ។

៣. សូមលើកទឹកចិត្តឱ្យបង្កើនកិច្ចសហការរៀបចំ ការបណ្តុះបណ្តាលជំនាញពិសេស និងប្រើប្រាស់បច្ចេកទេស សមស្របសម្រាប់ការសិក្សារបស់ជនមានពិការភាព ដើម្បីលើកកម្ពស់សមត្ថភាព និងលទ្ធភាពទទួលបានការងារធ្វើជាមួយ បៀវត្សខ្ពស់ ក៏ដូចជាធ្វើឱ្យជនមានពិការភាពអាចចូលរួមកាន់ តែច្រើន ពេញលេញ និងស្មើសិទ្ធិក្នុងទីផ្សារការងារ ទាំងក្នុងវិស័យឯកជន និងវិស័យសាធារណៈ ។

៤. សូមលើកទឹកចិត្តឱ្យបន្តពង្រឹងអនុវត្ត និងពង្រីកការអភិវឌ្ឍសហគមន៍ប្រកបដោយបរិយាប័ន្ន មានប្រសិទ្ធភាព និងទូលំទូលាយ និងសូមអំពាវនាវឱ្យមានការចូលរួមជាមួយគ្នា ក្នុងស្មារតីជីវភាពនៃប្រព័ន្ធតួអង្គតែមួយ ក្នុងការអនុវត្តសេចក្តី-ថ្លែងការណ៍ហ្សាកាតាស្តីពីទសវត្សជនមានពិការភាពប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក ឆ្នាំ ២០២៣-២០៣២ ដើម្បីជាគុណប្រយោជន៍ដល់ជនមានពិការភាពទាំងក្នុងប្រទេស តំបន់ និងសកល។

គួរជម្រាបថា សន្និសីទជនមានពិការភាពប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ត្រូវបានប្រារព្ធឡើង ចំនួន៤លើករួចមកហើយ ដែលលើកទី១ នៅប្រទេសថៃ ក្នុងឆ្នាំ២០០៩, លើកទី២ នៅប្រទេសហ្វីលីពីនក្នុងឆ្នាំ២០១២, លើកទី៣ នៅប្រទេស ជប៉ុន ក្នុងឆ្នាំ២០១៥ និងលើកទី៤ នៅប្រទេសម៉ុងហ្គោលីក្នុងឆ្នាំ២០១៩ ដែល កាលនោះសន្និសីទបានឯកភាពសម្រេចស្នើសុំកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទលើកទី៥នេះ ដោយមានកិច្ចសហការរួមគ្នា ជាមួយបណ្តាញការងារស្តារលទ្ធភាពពលកម្មអាស៊ីប៉ាស៊ីហ្វិក៕

អត្ថបទទាក់ទង