ក្រសួងហិរញ្ញវត្ថុថៃ៖ កំណើនសេដ្ឋកិច្ចថៃឆ្នាំ ២០២៥ ធ្លាក់មកត្រឹម ២.១%
ថៃ៖ ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបានកាត់បន្ថយការព្យាករណ៍របស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ ពី ៣% ធ្លាក់មកនៅត្រឹម ២.១%វិញ បន្ទាប់ពីសហរដ្ឋអាមេរិកបានតម្លើងពន្ធគយ។ នេះ បើតាមការចុះផ្សាយរបស់សារព័ត៌មាន news.az ។
ប្រភពដដែលបន្តថា ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក និងការធ្លាក់ចុះជាសាកល នឹងធ្វើឱ្យប៉ះពាល់ លើសេដ្ឋកិច្ចប្រទេសថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំទីពីរ នៅតំបន់អាស៊ីអាគ្នេយ៍។
ការនាំចេញ ដែលជាកត្តាជំរុញដ៏សំខាន់នៃកំណើនរបស់ប្រទេសថៃត្រូវបានគេមើលឃើញថាកើនឡើង ត្រឹមតែ ២.៣% នៅឆ្នាំនេះ ដោយធ្លាក់ចុះពីការព្យាករណ៍ពីមុន ៤.៤ %។ នេះ បើតាមលោក Pornchai Thiraveja ប្រធានការិយាល័យគោលនយោបាយសារពើពន្ធរបស់ក្រសួងហិរញ្ញវត្ថុថៃ។
ការព្យាករណ៍នេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីធនាគារកណ្តាលថៃបានកាត់បន្ថយអត្រាការប្រាក់នៅឯកិច្ចប្រជុំជាលើកទីពីរជាប់ៗគ្នា ហើយបានបន្ទាបការព្យាករណ៍ផ្ទាល់ខ្លួនសម្រាប់សេដ្ឋកិច្ចនៅឆ្នាំនេះ។
ក្រសួងហិរញ្ញវត្ថុបាននិយាយថា ការព្យាករណ៍កំណើន ២.១% គឺផ្អែកលើប្រទេសថៃដែលចរចាកាត់បន្ថយអត្រាពន្ធរបស់សហរដ្ឋអាមេរិក។ ប្រទេសថៃអាចប្រឈមមុខនឹងពន្ធ ៣៦% លើការនាំចេញរបស់ខ្លួនទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើការចរចារមិនជោគជ័យ មុនពេលការផ្អាកលើការយកពន្ធនេះផុតកំណត់ក្នុងខែកក្កដា។
លោក Pornchai បាននិយាយថា ប្រសិនបើរដ្ឋាភិបាលពន្លឿនការចំណាយថវិការបស់ខ្លួននោះ វាអាចមានកំណើនរហូតដល់ ២.៥% នៅឆ្នាំនេះ។
កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បាននិយាយថា ប្រទេសថៃនឹងស្វែងរកការយកពន្ធស្រដៀងគ្នាទៅនឹងដៃគូប្រកួតប្រជែងពាណិជ្ជកម្មរបស់ខ្លួន ហើយបានគ្រោងទុកវិធានការជំរុញសេដ្ឋកិច្ចដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចឡើងវិញ៕
https://news.az/news/thailand-finance-ministry-cuts-2025-growth-forecast-to-21