ក្រសួងមហាផ្ទៃ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជានៅថ្ងៃទី១៦ ខែឧសភា
ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ខាងមុខ ក្រសួងមហាផ្ទៃនឹងប្រារព្វខួបអនុស្សាវរីយ៍លើកទី៨០ ថ្ងៃកំណើតនគរបាលជាតិកម្ពុជា។ នេះ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំកិច្ចប្រជុំស្តាប់របាយការណ៍ស្តីពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំនៅរសៀលថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ ។
បើតាមក្រសួងមហាផ្ទៃ ជារៀងរាល់ឆ្នាំ រដ្ឋាភិបាលតែងប្រារព្ធទិវាជាប្រវត្តិសាស្ត្រនេះ ក្នុងគោលបំណង ដើម្បីសម្តែងកត្តញ្ញុតាធម៌ចំពោះព្រះមហាករុណាទិគុណដ៏ឧត្តុង្គឧត្តមរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» ដែលបានបង្កើតកងកម្លាំងនគរបាលជាតិ។
ជាងទៅទៀតគឺ ដើម្បីរំឭកឡើងវិញនូវការធ្វើពលិកម្មដ៏ធំធេងរបស់បុព្វបុរស រៀមច្បងនគរបាលជាតិគ្រប់ជំនាន់ ដែលបានតស៊ូប្រឈមមុខ ឆ្លងកាត់រាល់ការប្រែប្រួលស្មុគស្មាញគ្រប់និន្នាការសង្គម បង្កើតបាននូវស្នាដៃនិងសមិទ្ធផលឥតគណនា បន្សល់ទុកនូវគំរូវីរភាពសម្រាប់កងកម្លាំងនគរបាលជាតិជំនាន់ក្រោយ យកមកសិក្សារៀនសូត្រ ដើម្បីអភិវឌ្ឍអង្គភាពឱ្យកាន់តែមានភាពរីកចម្រើន៕