ចិនជំទាស់ចំពោះការលើកឡើងរបស់លោក Trump ថា ទីក្រុងប៉េកាំង និងក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាអំពីដំណោះស្រាយសង្រ្គាមពាណិជ្ជកម្ម

អាមេរិក៖ ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានចេញមុខជំទាស់នឹងការអះអាងរបស់លោកប្រធានាធិបតី Donald Trump ថា ទីក្រុងប៉េកាំងនិងក្រុងវ៉ាស៊ីនតោនកំពុងពិភាក្សាគ្នាយ៉ាងសកម្មអំពីដំណោះស្រាយសង្រ្គាមពាណិជ្ជកម្មដែលបានគំរាមកំហែងដល់កំណើនសេដ្ឋកិច្ចពិភពលោក។
ការជំទាស់ពីសំណាក់ប្រទេសចិនបែបនេះ បន្ទាប់ពីលោក Trump បាននិយាយកាលពីថ្ងៃពុធថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរកំពុងកំពុងពិក្សាយ៉ាងសកម្ម ខណៈដែលអ្នកនាំពាក្យក្រសួងការបរទេសចិនបានឆ្លើយតបវិញថា «ប្រទេសចិន និងសហរដ្ឋអាមេរិកមិនបានចូលរួមក្នុងការពិគ្រោះ ឬការចរចាណាមួយទាក់ទងនឹងពន្ធគយនោះទេ និងអនុញ្ញាតឱ្យមានកិច្ចព្រមព្រៀងណាមួយទេ» ។
អ្នកនាំពាក្យរបស់ប្រទេសចិនលោក Guo Jiakun បានធ្វើអត្ថាធិប្បាយនៅក្នុងសន្និសីទសង្ខេបមួយនៅទីក្រុងប៉េកាំង ដោយនិយាយថា កិច្ចពិភាក្សានៃប្រទេសទាំងពីរគឺមិនពិត។ លោកបានបន្ថែមថា ខណៈដែលប្រទេសចិនបើកចំហក្នុងការចរចា «ប្រសិនបើវាជាការប្រយុទ្ធ យើងនឹងតស៊ូដល់ទីបញ្ចប់»។
លោក Trump បានដាក់ពន្ធគយ លើទំនិញនាំចូលរបស់ប្រទេសចិន ប្រមាណ ១៤៥ % គឺខ្ពស់ជាងប្រទេសដទៃទៀតកាលពី ប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយលោកលើកឡើងពីការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌ ។ ជាការឆ្លើយតបភ្លាមៗ ទីក្រុងប៉េកាំងបានយកពន្ធគយ លើទំនិញអាមេរិកដល់ ១២៥% ជាកម្រិតដែលស្មើនឹងការហ៊ុមព័ទ្ធពាណិជ្ជកម្មទៅវិញទៅមក។
ទាក់ទិននឹងបញ្ហានេះបាននាំឱ្យពិភពលោកមានការភ័យខ្លាចនៃការធ្លាក់ចុះសេដ្ឋកិច្ចសកល ស្របពេលដែលភាពតានតឹងពាណិជ្ជកម្មបានកើតឡើងជាបន្តបន្ទាប់៕