សិស្សវិទ្យាល័យជប៉ុន ១០០នាក់ បានធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប
ជប៉ុន៖ សិស្សវិទ្យាល័យជប៉ុនចំនួន ១០០នាក់ ដែលទើបត្រលប់ពីការធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ ២០២៥ បានធ្វើបទបង្ហាញ Mission on the Ground (MoG) របស់ខ្លួនស្តីពីសមិទ្ធផលនៃការចុះទស្សនកិច្ចសិក្សា, ចែករំលែកអំពីបទពិសោធន៍និងអនុស្សាវរីយ៍ល្អៗក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការរយៈពេលខ្លីនៅប្រទេសកម្ពុជា ។
កម្មវិធីនេះ រៀបចំឡើងដោយក្រុមហ៊ុន Tobu Top Tours Co., Ltd. និងបានប្រព្រឹត្តទៅនៅពន្លាជាតិឯកជន Denryokukan និងពន្លាជាតិកម្ពុជា នៅក្នុងពិព័រណ៍ពិភពលោក២០២៥ អូសាកា ដោយមានការចូលរួមពីតំណាងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងអូសាកា តំណាងក្រុមហ៊ុន Tobu Top Tours ចាងហ្វាងវិទ្យាល័យ Ritsumeikan Moriyama នៃខេត្ត Shiga ចាហ្វាងវិទ្យាល័យ Ritsumeikan Uji នៃខេត្តក្យូតុ តំណាងក្រុមហ៊ុន Very50 តំណាងពន្លាជាតិឯកជន Denryokukan តំណាងពន្លាជាតិកម្ពុជា ព្រមទាំងសិស្សានុសិស្ស នៃវិទ្យាល័យទាំងពីរ សរុបប្រមាណជាង ១០០នាក់។
ការបង្កើតកម្មវិធីនេះឡើង គឺដើម្បីផ្តល់ឱកាសដល់សិស្សនៃវិទ្យាល័យ Ritsumeikan Moriyama ចំនួន ៣៥នាក់ និងសិស្សនៃវិទ្យាល័យ Ritsumeikan Uji ចំនួន ៦៥នាក់ ដែលទើបត្រលប់ពីការធ្វើទស្សនកិច្ចសិក្សានៅខេត្តសៀមរាប បានធ្វើបទបង្ហាញពីលទ្ធផល និងសមិទ្ធផលនៃការចុះទស្សនកិច្ចសិក្សា, ចែករំលែកអំពីបទពិសោធន៍និងអនុស្សាវរីយ៍ល្អៗក្នុងអំឡុងពេលស្នាក់នៅ និងធ្វើការរយៈពេលខ្លីនៅប្រទេសកម្ពុជា, ព្រមទាំងទស្សនាពន្លាជាតិកម្ពុជាជាក់ស្ដែង ដើម្បីស្វែងយល់បន្ថែមអំពីវឌ្ឍនភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចកម្ពុជា សក្តានុពលពាណិជ្ជកម្ម វិនិយោគ វប្បធម៌ និងវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា ជាដើម។
ស្របទៅតាមកម្មវិធីនេះ សិស្សទាំងពីរវិទ្យាល័យ ត្រូវបានបែងចែកជា ៦ក្រុម ដោយបានធ្វើបទបង្ហាញសង្ខេបអំពីលទ្ធផល បញ្ហាប្រឈម និងដំណោះស្រាយផ្សេងៗ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សា និងធ្វើការរយៈពេលខ្លីជាមួយម្ចាស់សហគ្រិនកម្ពុជា នៅក្រុមហ៊ុន មរតក សេរ៉ាម៉ិច ក្រុមហ៊ុន CAM-AHA ក្រុមហ៊ុន Blush Boutique ក្រុមហ៊ុន Lavender Jeep និងក្រុមហ៊ុន Seung Khmer។
ក្នុងឱកាសនោះលោក
ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន បានសម្ដែងការអបអរសាទរដល់សិស្សទាំងពីរវិទ្យាល័យ ដែលបានបញ្ចប់ទស្សនកិច្ចសិក្សានៅប្រទេសកម្ពុជា ប្រកបដោយជោគជ័យជាផ្លែផ្លា និងបានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន និងប្រជាជនជប៉ុន ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការសន្តិភាពនៅកម្ពុជាកន្លងទៅ ព្រមទាំងបន្តផ្តល់នូវជំនួយឥតឈប់ឈរ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រទេសកម្ពុជា ជាពិសេសលើវិស័យអប់រំ សុខាភិបាល ពាណិជ្ជកម្ម វប្បធម៌ ទេសចរណ៍ និងដំណើរការដោះមីននៅកម្ពុជា ជាដើម។
ឆ្លៀតក្នុងឱកាសនោះដែរ លោកឯកអគ្គរាជទូត ក៏បានជំរុញឱ្យសិស្សទាំងអស់ មកចូលរួមគាំទ្រ និងទស្សនាពន្លាជាតិកម្ពុជាម្តងទៀត នៅថ្ងៃប្រារព្ធពិធីអបអរសាទរ “ទិវាជាតិកម្ពុជា” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ២០២៥ ព្រមទាំងបំផុសលើកទឹកចិត្តដល់សិស្សដទៃទៀតដែលមិនធ្លាប់ទៅប្រទេសកម្ពុជា ឱ្យទៅទស្សនាប្រទេសកម្ពុជា ផងដែរ៕