ក្លិបបាល់ទាត់បឹងកេត បានគាំទ្រ និងស្នើ ឱ្យមានការលើកពេលការប្រកួត ដើម្បីឲ្យព្រះខ័នរាជស្វាយរៀង ត្រៀមខ្លួនប្រកួតវគ្គផ្ដាច់ព្រ័ត្រពានទ្វីបអាស៊ី AFC Challenge League

ដើម្បីផ្ដល់ពេលវេលា និងកម្លាំងគ្រប់គ្រាន់ដល់ក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានទ្វីបអាស៊ី AFC Challenge League ក្លិបបាល់ទាត់បឹងកេត បានគាំទ្រ និងស្នើ ទៅគណៈកម្មការរៀបចំការប្រកួត ដើម្បីឱ្យមានការលើកពេលការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន។ នេះបើតាមការលើកឡើងរបស់លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត។
ខាងក្រោមនេះ ជាការលើកឡើងរបស់លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត៖
« ក្នុងស្មារតីខ្មែរតែមួយ ខ្មែរជួយខ្មែរ ដែលក្លិបបឹងកេតតែងតែប្រកាន់ខ្ជាប់ ភាគីក្លិបបឹងកេត គាំទ្រ និងបានស្នើសុំរួចទៅហើយទៅគណៈកម្មការ ដើម្បីឱ្យមានការលើកពេលការប្រកួតជើងទី២ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ក្នុងគោលបំណងទុកពេលវេលា និងកម្លាំងគ្រប់គ្រាន់ដល់ក្រុមព្រះខ័នរាជស្វាយរៀង សម្រាប់ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រពានទ្វីបអាស៊ី AFC Challenge League។
ការសម្រេចចិត្តនេះគឺភ្លាមៗ ក្រោយពីក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានឈានដល់វគ្គផ្តាច់ព្រ័ត្រ ពានរង្វាន់ AFC Challenge League យើងបានចូលរួមអបអរសាទរចំពោះមោទនភាពបាល់ទាត់ជាតិយើងទាំងអស់គ្នា ហើយពួកយើងបានជួបជជែកពិភាក្សាគ្នាជាមួយក្លិបបាល់ទាត់ព្រះខ័នស្វាយរៀងអំពីការផ្លាស់ប្តូរកាលបរិច្ឆេទប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន។ ដើម្បីផលប្រយោជន៍រួមនៃបាល់ទាត់កម្ពុជា ភាគីទាំងពីរបានព្រមព្រៀងគ្នាអំពីកម្មវត្ថុផ្លាស់ប្តូរកាលបរិច្ឆេទថ្មី និងបានដាក់សំណើទៅគណៈកម្មការប្រកួតរួចរាល់ ដោយកំពុងរង់ចាំតែការឆ្លើយតបមកវិញតែប៉ុណ្ណោះ។
ក្លិបបាល់ទាត់បឹងកេត សូមអរគុណដល់អ្នកគាំទ្របាល់ទាត់កម្ពុជាគ្រប់រូប និងសូមឱ្យអ្នកគាំទ្រចូលរួមគាំទ្រនិងលើកទឹកចិត្តក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងដែលតំណាងឱ្យលីគបាល់ទាត់កម្ពុជាទាំងមូលប្រកួតដណ្ដើមជើងឯកពានរង្វាន់ទ្វីបអាស៊ីជាប្រវត្តិសាស្ត្រ»។
សម្រាប់ការប្រកួតពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៤/២៥ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ រវាង ស្វាយរៀង និង បឹងកេត នឹងធ្វើឡើងនៅថ្ងៃ ពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥នេះ វេលាម៉ោង ៦៖០០នាទីល្ងាច នាពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតជើងទី២ ដើមឡើយ គ្រោងនឹងធ្វើឡើងនៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០២៥ ។
គួរបញ្ជាក់ថា ក្លឹបព្រះខ័នរាជស្វាយរៀង នឹងប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់លំដាប់ទី៣ ទ្វីបអាស៊ី AFC Challenge League ជាមួយក្លឹប FK Arkadag ដែលជាក្រុមខ្លាំងលំដាប់លេខ១ ប្រចាំប្រទេសតួកមេនីស្ថាន នៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ២០២៥ នាពហុកីឡដ្ឋានមរតតេជោ៕