Close

គម្រោងកែលម្អ និងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញសម្រេចបាន ៤៣%

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
គម្រោងកែលម្អ និងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញសម្រេចបាន ៤៣% គម្រោងកែលម្អ និងប្រព័ន្ធដោះទឹកភាគនិរតី រាជធានីភ្នំពេញសម្រេចបាន ៤៣%

ភ្នំពេញ៖ គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះលទ្ធផលការងារសម្រេចបានប្រមាណ ៤៣%។នេះ បើតាមលោកពេជ្រ វាសនា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង នៃក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ចុះពិនិត្យវឌ្ឍនភាពគម្រោងនៅ ថ្ងៃ២៧ ខែមីនា ឆ្នាំ ២០២៥ នេះ ។

លោក ពេជ្រ វាសនា ថ្លែងថា ការចុះពិនិត្យវឌ្ឍនភាពការងារនាពេលនេះមានការអញ្ជើញចូលរួមពីលោកស្រី Akiko MIYASHITA មន្រ្តីជាន់ខ្ពស់របស់ JICA ប្រចាំកម្ពុជា និងសហការី តំណាងទីប្រឹក្សាបច្ចេកទេសគម្រោង តំណាងក្រុមហ៊ុនសាងសង់អន្តរជាតិ មន្ត្រីអង្គភាពគ្រប់គ្រងគម្រោង តំណាងប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។

គម្រោងកែលម្អ និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញសម្រេចបាន៤៣%

នាឱកាសនោះ លោក អនុរដ្ឋលេខាធិការ និងគណៈប្រតិភូបានចុះពិនិត្យជាក់ស្តែងការដ្ឋានសាងសង់ប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃ ស្ថិតក្នុងក្រុងច្បារមន និងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ និងប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទី ស្ថិតក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។

លោកបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធធារាសាស្ត្រទាំងពីរនេះចូលរួមចំណែកយ៉ាងសំខាន់ដល់ការកាត់បន្ថយទឹកជំនន់ស្ទឹងព្រែកត្នោត និងបានណែនាំដល់ទីប្រឹក្សាបច្ចេកទេសគម្រោង និងក្រុមហ៊ុនសាងសង់ឱ្យរក្សានូវសុវត្ថិភាពការងារ ជាពិសេសការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋក្នុងតំបន់គម្រោង។

ជាមួយគ្នានេះ លោកអនុរដ្ឋលេខាធិការ និងគណៈប្រតិភូ ក៏បានជួបពិភាក្សាការងារជាមួយសហគមន៍កសិករប្រើប្រាស់ទឹកនៅអនុគម្រោងរលាំងជ្រៃ និងអនុគម្រោងកណ្តាលស្ទឹង-បាទី ស្តីពីកិច្ចដំណើរការ និងការថែទាំប្រព័ន្ធធារាសាស្ត្រ ក្រោយពេលបញ្ចប់ការសាងសង់ ព្រមទាំងបានចុះជួបកសិករនៅក្នុងតំបន់គំរូ ក្រោមការបណ្តុះបណ្តាលរបស់ផ្នែកសេវាផ្សព្វផ្សាយកសិកម្មនៅក្នុងអនុគម្រោងទាំងពីរខាងលើផងដែរ។

គម្រោងកែលម្អ និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញសម្រេចបាន៤៣%

សូមបញ្ជាក់ថា គម្រោងកែលម្អ និងស្តារឡើងវិញប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ បានទទួលហិរញ្ញប្បទានសម្បទានពីរាជរដ្ឋាភិបាលជប៉ុនសម្រាប់ការជួសជុល និងការសាងសង់ប្រព័ន្ធធារាសាស្ត្រចំនួនពីរកន្លែង។

បន្ទាប់ពីការសាងសង់រួចប្រព័ន្ធធារាសាស្ត្រទាំងពីរនឹងផ្តល់ទឹកធ្វើស្រែបាន២ទៅ៣ដងក្នុងមួយឆ្នាំ ខណៈប្រព័ន្ធធារាសាស្ត្ររលាំងជ្រៃនឹងមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាបានចំនួន ១៦៩១០ហិកតា និងស្រូវប្រាំងបានចំនួន ១៥០០ហិកតា ចំណែកប្រព័ន្ធធារាសាស្ត្រកណ្តាលស្ទឹង-បាទីនឹងមានលទ្ធភាពស្រោចស្រពផ្ទៃដីស្រូវបង្កើនរដូវវស្សាបានចំនួន ១២០០ហិកតា ស្រូវរដូវវស្សាបានចំនួន ២២០១ហិកតា និងស្រូវប្រាំងបានចំនួន ៤០០ហិកតា ៕



គម្រោងកែលម្អ និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញសម្រេចបាន៤៣%