វិនិយោគិនហុងកុងចាត់ទុកកម្ពុជា ជាប្រទេសសក្តានុពលមួយក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ភ្នំពេញ៖ លោក Ting Sik Wa Thomas ប្រធានសមាគម ឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិកហុងកុង តំណាងក្រុមហ៊ុនជាសមាជិកចំនួន ១០ផ្សេងទៀត បានចាត់ទុកកម្ពុជាជាប្រទេសសក្តានុពលមួយក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគហុងកុង ។
ការចាត់ទុកបែបនេះ របស់ លោក Ting Sik Wa Thomas ធ្វើឡើងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ក្នុងពេលដឹកនាំសមាជិករបស់ខ្លួន ចូលជួបពិភាក្សាការងារជាមួយ លោក លោក នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា។
តំណាងសមាគមក៏បានលើកឡើងថា« កម្ពុជាជាប្រទេសសក្តានុពលមួយក្នុងចំណោមបណ្តាប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសសម្រាប់អ្នកវិនិយោគហុងកុង ដែលកំពុងសម្លឹងរកទីតាំងសមស្របមកធ្វើការបណ្តាក់ទុន ហើយដែលតាមរយៈនៃជំនួបពិភាក្សានាពេលព្រឹកនេះបានផ្តល់នូវព័ត៌មានជាច្រើនដល់គណៈប្រតិភូបានស្វែងយល់បន្ថែមពីសក្តានុពលនៃការវិនិយោគ និងការរីកចម្រើននៅកម្ពុជានាពេលនេះ និងបានសំណូមពរដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបន្តផ្តល់កិច្ចសហការជាមួយសមាគមដើម្បីលើកកម្ពស់ការទាក់ទាញវិនិយោគហុងកុងក្នុងវិស័យអគ្គិសនីនិងអេឡិចត្រូនិកមកកម្ពុជា«។
លោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជាបានសម្តែងការស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសមាគមដែលបានរៀបចំកម្មវិធីការងារអញ្ជើញមកធ្វើទស្សនកិច្ចសិក្សាដើម្បីស្វែងយល់ដោយផ្ទាល់ពីកាលានុវត្តភាព និងបរិយាកាសវិនិយោគរបស់កម្ពុជា។
នាឱកាសនោះ លោកបានជម្រាបជូនគណៈប្រតិភូដោយសង្ខេបអំពីតួនាទីភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ច្បាប់ស្តីពីវិនិយោគ, ផែនទីបង្ហាញផ្លូវសម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក, ការលើកទឹកចិត្តវិនិយោគ, សក្តានុពលក្នុងវិស័យផលិតកម្មឧបករណ៍អគ្គិសនី និងអេឡិចត្រូនិក, និងស្ថានភាពបច្ចុប្បន្ននៃការវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនី និងអេឡិចត្រូនិកនៅកម្ពុជា ហើយឯកឧត្តម ក៏បានស្នើដល់សមាគម ធ្វើការពិចារណាក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប បណ្តាសមាជិកសមាគមបានសម្តែងនូវការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះការបណ្តាក់ទុនវិនិយោគក្នុងវិស័យឧបករណ៍អគ្គិសនីនៅក្នុងប្រទេសកម្ពុជាដោយបានលើកឡើងនូវសំណួរជាច្រើន។
គួរបញ្ជាក់ផងដែរថាគិតមកត្រឹមថ្ងៃនេះ សមាគមឧស្សាហកម្មឧបករណ៍អគ្គិសនី-អេឡិចត្រូនិក ហុងកុងមានសមាជិកចំនួន ២០២ក្រុមហ៊ុន។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ ក្នុងនាមជាស្ថាប័នឯករាជ្រមិនរកប្រាក់ចំណេញ ដើម្បីធ្វើជាក្រុមតំណាងឲ្យឧស្សាហកម្មឧបករណ៍អគ្គិសនីហុងកុង។