សូមផ្អាកញាំទុរេននាំចូលពីវៀតណាម និងថៃមួយរយៈ
ភ្នំពេញ៖ ទីស្តីការគណៈរដ្ឋមន្ត្រីប្រាប់ក្រសួងពាណិជ្ជកម្ម ឱ្យពិនិត្យមើលឱ្យបានឆាប់ជាទីបំផុត ចំពោះការនាំចូលនូវទុរេនពីព្រទេសវៀតណាម និងថៃ បន្ទាប់ពីទទួលបានករណីរបាយការណ៍ស្តីពីការហាមឃាត់ការនាំចូលផ្លែទុរេនស្រស់ពីប្រទេសទាំងពីរនេះរបស់អាជ្ញាធរគយ ចិន ក្រោយរកឃើញមានផ្ទុក សារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium។
ក្នុងលិខិតរបស់លោក ឡេង សេង រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ ២០២៥ ផ្ញើជូន លោកស្រី ចម និម្មល រដ្ឋមន្ត្រីពាណិជ្ជកម្ម ឱ្យដឹងថា រាជរដ្ឋាភិបាលបានឃើញ និងសម្រេចឱ្យក្រសួងពាណិជ្ជកម្ម ត្រូវយកចិត្តទុកដាក់ទាំងការនាំចូលទុរេន និងការដាំដុះក្នុងប្រទេស និងត្រូវពន្លឿនកិច្ចការរៀបចំកសាងសមត្ថភាពមន្ទីរពិសោធន៍ លើការវិភាគរកសារធាតុ Basic Yellow 2 ឬ Auramine O និង Cadmium ដោយចាត់ទុកជាការប្រញាប់ ក្នុងរយៈពេលដ៏ខ្លីខាងមុខ ដើម្បី ជួយគាំទ្រដល់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្នុងការវិភាគនៅតាមមាត់ច្រក នៅពេលដែលមានការនាំចូល ផ្លែទុរេនស្រស់ ដែលមិនមានវិញ្ញាបនបត្របញ្ជាក់ និងធានាមិនឱ្យមានការប្រើប្រាស់សារធាតុទាំងពីរនេះលើ ផលិតផលក្នុងស្រុក ដើម្បីការពារអ្នកប្រើប្រាស់»៕