Close

លោក Trump អញ្ជើញលោក Zelensky មកសេតវិមានវិញម្តងទៀត

ដោយ៖ Chhan Sreyka ​​ | 7 ម៉ោងមុន ព័ត៌មានអន្តរជាតិ
លោក Trump អញ្ជើញលោក Zelensky មកសេតវិមានវិញម្តងទៀត លោក Trump អញ្ជើញលោក Zelensky មកសេតវិមានវិញម្តងទៀត

អាមេរិក៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិក អញ្ជើញលោក Volodymyr Zelensky ប្រធានាធិបតីប្រទេសអ៊ុយក្រែន មកសេតវិមានវិញម្តងទៀត បន្ទាប់ពីអ៊ុយក្រែនបានយល់ព្រមលើសំណើបទឈប់បាញ់ជាមួយរុស្ស៊ីរយៈពេល ៣០ ថ្ងៃ ។នេះតាមការចុះផ្សាយTelegram ។

បើតាមប្រភពដដែល លោក Trump បាននិយាយថា លោករំពឹងថានឹងនិយាយជាមួយមេដឹកនាំរុស្ស៊ីលោក Vladimir Putin នៅចុងសប្តាហ៍នេះ ហើយលោកសង្ឃឹមថាទីក្រុងម៉ូស្គូនឹងយល់ព្រមតាមលក្ខខណ្ឌនានា។

បន្ទាប់ពីកិច្ចចរចាកាលពីថ្ងៃអង្គាររវាងអ៊ុយក្រែន និងអាមេរិក។ ប្រទេសទាំងពីរបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមថា សេតវិមាននឹង «លុបចោលការផ្អាកភ្លាមៗលើការចែករំលែកព័ត៌មានសម្ងាត់ និងបន្តជំនួយផ្នែកសន្តិសុខដល់អ៊ុយក្រែនឡើងវិញ។

លោក Trump អញ្ជើញលោក Zelensky មកសេតវិមានវិញម្តងទៀត

សេចក្តីថ្លែងការណ៍បានបន្ថែមថា ទីក្រុង Kyiv ក៏បានបង្ហាញការត្រៀមខ្លួនដើម្បីទទួលយកសំណើរបស់សហរដ្ឋអាមេរិកក្នុងការអនុម័តបទឈប់បាញ់បណ្តោះអាសន្នរយៈពេល ៣០ ថ្ងៃ ដែលអាចបន្តបានដោយកិច្ចព្រមព្រៀងទៅវិញទៅមកនៃភាគីនានា ហើយជាកម្មវត្ថុនៃការទទួលយក និងការអនុវត្តស្របគ្នាដោយសហព័ន្ធរុស្ស៊ី។

ថ្លែងទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចចរចា លោក Trump បាននិយាយថា «បទឈប់បាញ់ ប្រទេសអ៊ុយក្រែនបានយល់ព្រម ហើយសង្ឃឹមថារុស្ស៊ីនឹងយល់ព្រមដែរ» ។

លោក Trump បានបន្ថែមថាលោកសង្ឃឹមថាបទឈប់បាញ់នឹងចូលជាធរមាន “ក្នុងរយៈពេលពីរបីថ្ងៃខាងមុខ” ហើយលោកនឹងនិយាយទៅកាន់លោកពូទីនក្នុងសប្តាហ៍នេះ ខណៈដែលវា “ត្រូវការពេលពីរទៅបីថ្ងៃ ”។

នៅពេលសួរថាតើលោក Zelensky ត្រូវបានអញ្ជើញឱ្យត្រលប់ទៅសេតវិមានវិញឬយ៉ាងណានោះ? លោក Trump បាននិយាយថា «ប្រាកដណាស់ លោក Zelensky នឹងមកម្តងទៀត» ។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែនទៅកាន់ទីក្រុងវ៉ាស៊ីនតោនកាលពីខែមុនបានធ្វើឱ្យមានការប៉ះទង្គិចពាក្យសំដីគ្នានៅក្នុងកិច្ចប្រជុំក្នុងការិយាល័យរាងពងក្រពើ Oval Office រវាងមេដឹកនាំទាំងពីរ ៕