ពិធីបុណ្យ «ឆ្នេរកោះប៉ែន» ទាក់ទាញភ្ញៀវទេសចរជាង ៥ម៉ឺននាក់
កំពង់ចាម៖ នៅក្នុងឱកាសបុណ្យឆ្នេរខ្សាច់កោះប៉ែន អបអរខួប ១៥ឆ្នាំ (២០១១-២០២៥) នៃការបង្កើតកន្លែងកម្សាន្តឆ្នេរកោះប៉ែន ស្ពាន ឫស្សី (ប្រដឹស) ដ៏ស្រស់ស្អាត របស់ខេត្តកំពង់ចាម នៅថ្ងៃទី ៨ ខែមីនា ឆ្នាំ ២០២៥ បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តេរជាតិជាង ៥ ម៉ឺនាក់។នេះ បើតាមរបាយការណ៍នៅថ្ងៃទី ៩ ខែមីនា។
របាយការណ៍ របស់ លោក ស៊ាន សុគុន ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ចាម ឲ្យដឹងថា ៖« នៅក្នុងឱកាសបុណ្យឆ្នេរខ្សាច់កោះប៉ែន អបអរខួប ១៥ឆ្នាំ (២០១១-២០២៥) នៃការបង្កើតកន្លែងកម្សាន្តឆ្នេរកោះប៉ែន ស្ពានឫស្សី (ប្រដឹស) ដ៏ស្រស់ស្អាត របស់ខេត្តកំពង់ចាម ហើយក៏ត្រូវជាថ្ងៃ នៃទិវានារីអន្តរជាតិ ខួបលើកទី១១៤ និងព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ ថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៥ នេះ ខេត្តកំពង់ចាម ទទួលបានភ្ញៀវទេសចរ សរុបចំនួន ៥៤,៧០៧នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិចំនួន ៥៤,៦០៥នាក់ និងភ្ញៀវទេសចរបរទេស ចំនួន ១០២នាក់»។
បើតាមរដ្ឋបាលខេត្តកំពង់ចាម ពិធីបុណ្យ «ឆ្នេរកោះប៉ែន» នេះដែរ ត្រូវបានម្ចាស់រមណីដ្ឋាន រៀបចំចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ នៅបរិវេណរមណីយដ្ឋានធម្មជាតិឆ្នេរខ្សាច់កោះប៉ែន ក្នុងគោលបំណង ដើម្បី លើកកម្ពស់វិស័យទេសចរណ៍ បង្កលក្ខណៈកំសាន្តសប្បាយ ជូនដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត និងក្រៅខេត្ត ក៏ដូចជាភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកលេងកំសាន្ត ឲ្យបានច្រើនកុះករ និងដើម្បី អបអរសាទរ គម្រប់ ១៥ឆ្នាំ (២០១១-២០២៥) នៃការបង្កើតរមណីយដ្ឋាន ឆ្នេរខ្សាច់កោះប៉ែន ផងដែរ ។
ជាមួយនោះ ព្រឹត្តិការណ៍ ពិធីបុណ្យនេះ ក៏បានរៀបចំកម្មវិធីកម្សាន្តជាច្រើន ដូចជា ៖ ការប្រកួតបាល់ទាត់លើវាលខ្សាច់ ការតាំងពិព័រណ៍ ការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ និងការបាញ់កាំជ្រួច ជាដើម។
ដើម្បីឱ្យដំណើការពិធីបុណ្យខាងលើនេះ ឱ្យប្រព្រឹត្តិទៅដោយរលូន លោក អ៊ុន ចាន់ដា អភិបាល ខេត្តកំពង់ចាម ក៏បានណែនាំដល់អាជ្ញាធរ និងសមត្ថកិច្ច នៅក្នុងមូលដ្ឋាន ក៏ដូចជា ម្ចាស់រមណីដ្ឋាន សូមយកចិត្តទុកដាក់ខ្ពស់ លើសន្តិសុខ សណ្តាប់សាធារណៈ និងសោភ័ណភាព ដើម្បី បង្កលក្ខណៈជូនភ្ញៀវទាំងក្នុង និងក្រៅខេត្ត មកលេងកំសាន្តសប្បាយ ប្រកបដោយសុខសុវត្ថិភាព ៕