គណៈប្រតិភូសហភាពអ៊ឺរ៉ុប មកស្វែងយល់ពីលទ្ធភាព និងឱកាសក្នុងការវិនិយោគក្នុងខេត្តព្រះសីហនុ
ព្រះសីហនុ៖ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី ៦ ខែមិនា ឆ្នាំ ២០២៥ ទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសហភាពអឺរ៉ុប ប្រមាណ ១២ រូប មកពី១០ប្រទេស ដឹកនាំដោយលោក Andreas BERG អនុប្រធានបេសកម្មការទូត និងជាប្រធានផ្នែកព័ត៌មាន និងកិច្ចការនយោបាយ នៃប្រតិភូសហភាពអ៊ឺរ៉ុប ប្រចាំកម្ពុជា។
ការអញ្ជើញរបស់គណៈប្រតិភូEU មកកាន់ខេត្តព្រះសីហនុនាពេលនេះ គឺដើម្បីស្វែងយល់អំពីការអភិវឌ្ឍកំពង់ផែ លទ្ធភាពនិងឱកាសក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសឱកាសវិនិយោគក្នុងខេត្ត។
នាឱកាសនោះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីសក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
លោកបានបញ្ជាក់ថា ខេត្តព្រះសីហនុបាននឹងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀតក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។
បន្ថែមពីលើនេះ លោកអភិបាលរងបានលើកឡើងពីកម្មវិធីពិសេសជំរុញការវិនិយោគខេត្តព្រះសីហនុ ដែលជាយន្តការរបស់រាជរដ្ឋាភិបាលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០។
លោកប្រធាននៃគណៈប្រតិភូបានលើកឡើងថា នេះជាលើកទី១នៃការធ្វើទស្សនៈកិច្ចផ្លូវការរបស់ប្រតិភូសហភាពអឺរ៉ុប ហើយខេត្តព្រះសីហនុជាទីតាំងដ៏មានសក្តានុពលបំផុតមួយរបស់កម្ពុជា។ ជាមួយគ្នានេះ ប្រតិភូបានបង្ហាញគោលបំណងនៃការវិនិយោគទៅលើវិស័យអាទិភាពផ្សេងៗដូចជា វិស័យសំណង់, ឧស្សាហកម្ម, ភស្តុភារកម្មសមុទ្រ, និង ជលយានដ្ឋានផងដែរ។