Close

អ.គ.រ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៤ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
អ.គ.រ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា អ.គ.រ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា

ភ្នំពេញ៖ នាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា(អ.គ.រ) banរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា ។ សិក្ខាសាលានេះបានប្រព្រឹត្តិទៅក្រោមអធិបតីលោក ប៊ុន ជីវ ប្រធាននាយកដ្ឋានរបបគយ និងមានការចូលរួមពីលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា រួមជាមួយអនុប្រធាន និងសមាជិកតំណាងឱ្យអ្នកដាំដុះ សហគមន៍អ្នកដាំដុះ អ្នកកែច្នៃ និងអ្នកនាំចេញស្វាយចន្ទី ព្រមទាំងមន្ត្រីគយនិងរដ្ឋាករ សរុបប្រមាណ ៤០ នាក់។

នាឱកាសនោះ លោក ប៊ុន ជីវ បានគូសបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងស្របតាមគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការលើកទឹកចិត្តផ្នែកគយ ដើម្បីចូលរួមជំរុញនិងគាំទ្រការពង្រឹងភាពប្រកួតប្រជែង និងការបង្កើនសមត្ថភាពផលិតកម្មក្នុងវិស័យ ស្វាយចន្ទី ហើយជាមួយគ្នានេះ ក៏មានគោលបំណងស្វែងយល់ពីបញ្ហាប្រឈមសំខាន់ៗនៃវិស័យនេះ ដើម្បីជាធាតុចូលសម្រាប់រៀបចំដាក់ចេញនូវយន្តការលើកទឹកចិត្តនិងគាំទ្របន្ថែម។

អ.គ.រ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា

លោកបន្តថា ការលើកទឹកចិត្តផ្នែកគយ ជាការលើកលែងពន្ធគយ អាករពិសេស អាករលើតម្លៃបន្ថែម លើការនាំចូលបរិក្ខារផលិតកម្ម សម្ភារសាងសង់ និងធាតុចូលផលិតកម្ម នៅក្រោមយន្តការច្បាប់ស្តីពីវិនិយោគ និងយន្តការលើកទឹកចិត្តផ្នែកគយសម្រាប់សហ-គ្រាសធុនតូចនិងមធ្យម(SMEs)។ ដើម្បីទទួលបានអត្ថប្រយោជន៍នេះសម្រាប់ការអភិវឌ្ឍផលិតកម្មរបស់ខ្លួន វិនិយោគិនរួមនឹងSMEs អាចសាកសួរព័ត៌មាននិងដាក់ពាក្យស្នើនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត និងនៅ អគរ។

ក្នុងសិក្ខាសាលានេះ មន្ត្រីជំនាញ អគរ បានធ្វើបទបង្ហាញលើកឡើងនូវខ្លឹមសារច្បាប់ និងអនុក្រឹត្យពាក់ព័ន្ធ ដោយរំលេចអំពីល័ក្ខខ័ណ្ឌ នីតិវិធី និងយន្តការស្នើសុំការលើកទឹកចិត្តផ្នែកគយ។ បន្ថែមលើបទបង្ហាញ សមាជិកសមាគមក៏អាចស្វែងយល់បន្ថែមអំពីនីតិវិធីគយផ្សេងទៀត តាមរយៈការចូលទៅទាញយកឯកសារពាក់ព័ន្ធនៅក្នុងគេហទំព័ររបស់ អគរ ឬសាកសួរមកមន្ត្រីគយនិងរដ្ឋាករ។

អ.គ.រ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា

បន្ទាប់មក លោកប្រធានសមាគម បានរាយការណ៍អំពីស្ថានភាពនៃការដាំដុះស្វាយចន្ទី ការប្រមូលផល ការកែច្នៃ និងការនាំចេញគ្រាប់ស្វាយចន្ទី ព្រមទាំងបានលើកឡើងអំពីបញ្ហាប្រឈមសំខាន់ៗ ដូចជា កង្វះឃ្លាំងសម្ងួតនិងស្តុកទុក កង្វះទុនវិនិយោគ និងកង្វះបរិក្ខារផលិតកម្ម ដែលជាមូលហេតុធ្វើឱ្យការកែច្នៃគ្រាប់ស្វាយចន្ទីក្នុងស្រុកនៅមានកម្រិតប្រមាណ ៣.៩% នៃគ្រាប់ស្វាយចន្ទីសរុប។

ឆ្លើយតបនឹងបញ្ហាប្រឈម ជាពិសេសកង្វះបរិក្ខារផលិតកម្ម លោក ប៊ុន ជីវ បានលើកទឹកចិត្តដល់សមាជិកសមាគម និងវិនិយោគិន ស្វែងយល់និងទាញផលប្រយោជន៍ពីគោលនយោបាយជាតិស្តីពីស្វាយចន្ទី តួយ៉ាងដូចជាការលើកទឹកចិត្តផ្នែកគយនេះជាដើម។ ចំពោះបញ្ហាផ្សេងទៀត អគរ នឹងពាំនាំ រាយការណ៍ជូនអន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីជួយរកដំណោះស្រាយ។ ជាចុងក្រោយ សិក្ខាសាលាបានឯកភាពបង្កើតក្រុមតេឡេក្រាមដើម្បីចែករំលែកឯកសារពាក់ព័ន្ធ ព័ត៌មាន និងការដោះស្រាយបញ្ហាផ្សេងៗ៕

អ.គ.រ រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពីការលើកទឹកចិត្តផ្នែកគយដល់សមាគមស្វាយចន្ទីកម្ពុជា

អត្ថបទទាក់ទង