សរុបលទ្ធផល ការប្រកួតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ ៨ក្រុមចុងក្រោយ ជើងទី១

កាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញនេះ ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ វគ្គ៨ក្រុមចុងក្រោយ ជើងទី១ មានការប្រកួតចំនួន៣គូ ដោយក្នុងនោះ គេសង្កេតឃើញថា ហាក់ក្សត់គ្រាប់បាល់ បើធៀបទៅនឹងការប្រកួតវគ្គ១៦ក្រុម។
ខាងក្រោមនេះ ជាលទ្ធផលការប្រកួតកាលពីថ្ងៃពុធ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ នេះ៖
-គិរីវង់សុខសែនជ័យ ០-២ ព្រះខ័នរាជស្វាយរៀង
-កងយោធពលខេមរភូមិន្ទ ២-២ វិសាខា
– អាយ អេស អាយ ដង្កោសែនជ័យ ០-២ បឹងកេត ។
នៅរសៀល ថ្ងៃ ព្រហស្បតិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ មានការប្រកួតចំនួនមួយគូ ដែលជាការប៉ះគ្នា រវាងក្រុមបាល់ទាត់ភ្នំពេញក្រោន ធ្វើដំណើរទៅសួរសុខទុក្ខ ក្រុមបាល់ទាត់ណាហ្គាវើលដ៍ នៅឯកីឡដ្ឋាន ខេត្តកំពង់ស្ពឺ នៅវេលាម៉ោង ៦៖០០នាទី ។
សម្រាប់ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២៤/២៥ នេះ ត្រូវបែងចែកជា២កម្រិត ដូចឆ្នាំកន្លងទៅដែរ ដោយក្នុងនោះ កម្រិតទី១ ជាការប្រកួតជើងឯកថ្នាក់ខេត្ត និងទី២ ជាការប្រកួតជើងឯកថ្នាក់ជាតិ។ ក្រោយរកឃើញក្រុមជើងជើងឯក និងកូតា ថ្នាក់ខេត្ត ក្រុមទាំងនោះ ត្រូវប្រកួតជាមួយក្រុមនៅលីគកំពូលកម្ពុជា សម្រាប់ប្រជែងជើងឯកថ្នាក់ជាតិ។
គួរបញ្ជាក់ថា ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន (18th Hun Sen Cup) ជើងឯកថ្នាក់ខេត្ត ឆ្នាំ២០២៤-២៥នេះ បានទៅលើក្រុមមន្ទីរ អយក ខេត្តត្បូងឃ្មុំ ខណ:កាលពីរដូវកាលមុន ក្រុមព្រះខ័នរាជស្វាយរៀង បានក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិ បន្ទាប់ពីបានយកឈ្នះ ភ្នំពេញក្រោន នៅវគ្គផ្ដាច់ព្រ័ត្រ៕