នាយករដ្ឋមន្ត្រីប្រកាសរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តទ្រង់ទ្រាយធំនៅសៀមរាប ដើម្បីទាក់ទាញទេសចរណ៍
សៀមរាប ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានប្រកាស រៀបចំព្រឹត្តិការណ៍ អង្គរសង្ក្រាន្តទ្រង់ទ្រាយធំឡើងវិញ នៅខេត្តសៀមរាប ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥។
នាឱកាសអញ្ជើញ ជាអធិបតីប្រគល់សញ្ញាបត្រ ជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងប្រាប់ ប្រជាពលរដ្ឋថា សូមនាំគ្នាជួយគាំទ្រ ដើម្បីឱ្យកម្មវិធី មានភាពអធឹបអធម ដើម្បីទាក់ម៉ូយទេសចរណ៍ មកលេងខេត្តសៀមរាប កាន់តែច្រើន។
សម្តេចបវរធិបតី មានប្រសាសន៍ថា «ខែមេសា ឆ្នាំនេះ គឺយើងអង្គរសង្ក្រាន្តធំ នៅខេត្តសៀមរាបនេះម្ដងទៀត។ ចឹងសូមត្រៀម ដើម្បីធ្វើឱ្យសង្ក្រាន្ត អង្គររបស់យើងឆ្នាំនេះ កាត់តែសប្បាយទាក់ម៉ូយឱ្យបានច្រើន»។
ទាក់ទិននឹងបញ្ហាខាងលើនេះ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋបាលខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំរៀបចំការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តជាមួយម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន ម៉ាស្សា និងស្ប៉ា រមណីយដ្ឋាន សមាគមន៍មគ្គុទ្ទេសក៍ សហគមន៍ទេសចរណ៍ ក្រុមការងារ KiloTravel និងក្រុមអ្នកផលិតមាតិកាវីដេអូ ដើម្បីពិភាក្សា រៀបចំវីដេអូផ្សព្វផ្សាយ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ខាងមុខនេះ។
បើតាមរដ្ឋបាលខេត្តសៀមរាប កិច្ចប្រជុំរៀបចំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ក្រុមការងារបានធ្វើបទបង្ហាញ ស្តីពីការងារផ្សព្វផ្សាយទេសចរណ៍ និងការផលិតមាតិកា ដោយក្រុមការងារ KiloTravel និងបទបង្ហាញពីការរៀបចំអង្គរសង្ក្រាន្ត ដោយតំណាងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលគ្រោងនឹងរៀបចំ ២ទីតាំង ទីតាំងទីមួយរៀបចំនៅប្រាសាទអង្គរវត្ត និងទីតាំងទីពីររៀបចំនៅសួនក្នុងក្រុងសៀមរាប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ។
បន្ទាប់ពីធ្វើបទបង្ហាញរួចរាល់ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប ក៏បានស្នើដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ក៏ដូចជាភោជនីយដ្ឋាន សូមកុំតម្លើងថ្លៃនៅពេលដែលសៀមរាបរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះ និងសូមឱ្យរមណីយដ្ឋាន ព្រមទាំងសហគមន៍ទេសចរណ៍ អេកូទេសចរណ៍ ត្រូវរៀបចំកន្លែងឱ្យមានអនាម័យ និងមានសោភណភាពស្អាត ដើម្បីបម្រើដល់ភ្ញៀវទេចរណ៍ជាតិ និងអន្តរជាតិ ដែលមកទស្សនាខេត្តសៀមរាប។
លោកអភិបាលរងខេត្ត ក៏បានបន្តទៀតថា ខេត្តសៀមរាប ជាតំបន់ទេសចរណ៍ ដែលប្រមូលផ្តុំទៅដោយភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ចូលមកទស្សនាកម្សាន្ត។ វប្បធម៌ក្នុងស្រុកមានភាពស្វាហាប់ និងសម្បូរបែប ជាមួយនឹងការសម្ដែងរបាំប្រពៃណី ទីផ្សារដ៏មមាញឹក និងសិប្បកម្មក្នុងស្រុកពិតប្រាកដ ដែលផ្តល់នូវការយល់ដឹងដ៏គួរឱ្យចាប់អារម្មណ៍ដល់ជីវិតប្រចាំថ្ងៃរបស់ប្រជាជនខ្មែរ ហើយលោកក៏បានផ្តាំផ្ញើទៅដល់ក្រុមអ្នកផលិតមាតិការវីដេអូ ក្នុងខេត្តទាំងអស់ឱ្យជួយរៀបចំផលិតវីដេអូថ្មីៗ ដើម្បីផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយ ព្រមទាំងលើកស្ទួយដល់ខេត្តសៀមរាប ក៏ដូចជាវិស័យទេសចរណ៍ក្នុងខេត្ត ឱ្យមានភ្ញៀវមកចូលរួម និងទស្សនាខេត្តសៀមរាប ឱ្យច្រើនកុះករ នាថ្ងៃរៀបចំព្រឹត្តការណ៍អង្គរសង្ក្រាន្តនាពេលខាងមុខនេះ។
សូមរំលឹកថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ត្រូវបានផ្ដួចផ្ដើម រៀបចំឡើង ជាផ្ទាំងទស្សនីយភាព វប្បធម៌ទ្រង់ទ្រាយធំ ជាលើកដំបូង នៅក្នុងឆ្នាំ២០១៣ លើទឹកដីអង្គរ នៃខេត្តសៀមរាប រៀបចំដោយសហភាព សហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងគោលបំណងប្រមូលផ្តុំយុវជន និងសាធារណជន ដើម្បីអបអរសាទរពិធីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជាមហាគ្រួសារខ្មែរតែមួយ រម្លឹក និងធ្វើឱ្យរស់រវើកឡើង នៃមរតកបេតិកភណ្ឌអរូបីខ្មែរ ចូលរួមថែរក្សា និងអភិវឌ្ឍន៍ វប្បធម៌ជាតិ និងលើកស្ទួយកិត្យានុភាពជាតិ លើឆាកអន្តរជាតិ ផ្តល់ឱកាសដល់យុវជន ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិបានសិក្សាអំពីកិត្តិនាម ភាពចម្រុះនៃវប្បធម៌ អរិយធម៌ ប្រពៃណី និងសាសនា៕