Close

ផ្លូវបេតុង ៩ខ្សែប្រវែង ៦៦គីឡូម៉ែត្រ នៅខេត្តរតនគិរី បើការដ្ឋានសាងសង់ជាផ្លូវការ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ ព័ត៌មានជាតិ
ផ្លូវបេតុង ៩ខ្សែប្រវែង ៦៦គីឡូម៉ែត្រ នៅខេត្តរតនគិរី បើការដ្ឋានសាងសង់ជាផ្លូវការ ផ្លូវបេតុង ៩ខ្សែប្រវែង ៦៦គីឡូម៉ែត្រ នៅខេត្តរតនគិរី បើការដ្ឋានសាងសង់ជាផ្លូវការ

រតនគិរី៖ ផ្លូវបេតុង៩ខ្សែប្រវែង៦៦គីឡូម៉ែត្រ ស្ថិតក្នុងភូមិសាស្រ្តស្រុកលំផាត់ និងស្រុកកូនមុំ ខេត្តរតនគិរី
ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ជាផ្លូវការ នៅថ្ងៃទី២១ ខែកុម្ភៈឆ្នាំ២០២៥
ក្រោមអធិបតីភាពលោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និង លោក នង សារិន អគ្គនាយកក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី ។

នាឱកាសនោះ លោក នង សារិន អគ្គនាយកក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី បានលើកឡើងថា ដោយមើលឃើញពីសក្តានុពលនិងភូមិសាស្ត្រ ស្រុកលំផាត និង ស្រុកកូនមុំ នៃខេត្តរតនៈគិរី ជាតំបន់ទេសចរណ៍ និង ជាប់ក្រុងបានលុងផងដែល ដែលមានសភាព ក្រឡុក និងខូចខាតជាច្រើនមិនទាន់សាងសង់ ឬសាងសង់ហើយ ក៏ប៉ុន្តែត្រូវខូចខាតដោយការហូរច្រោះពីទឹកភ្លៀង ឬការប្រើប្រាស់មិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ។

លោកបន្តថា ដោយមើលឃើញបែបនេះ ទើបមានការ ស្នើសុំអាជ្ញាធរ ស្រុក និងខេត្ត ដើម្បី សាងសង់ផ្លូវខាងលើ កែប្រែប្រែ ពីផ្លូវដីក្រហម ទៅជាផ្លូវបេតុងដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចក្នុងស្រុក លំផាត់ និងស្រុកកូនមុំ ក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី បានឯកភាពតាមការស្នើសុំ ដោយប្រើថវិការរបស់ក្រុម
ហ៊ុនផ្ទាល់ ដែលបានគៀរគរមកពីក្រៅប្រទេសដើម្បីសាងសង់ផ្លូវថ្នល់បេតុងចំនួន៩ខ្សែ ប្រវែង៦៦គ.ម
ទទឹង៦ម៉ែត្រ កម្រាស់០២តឹក ស្ថិតក្នុងឃុំល្បាំង១ ឃុំល្បាំង២ ឃុំជ័យឧត្តម ឃុំកាលែង និងឃុំសេដានៃស្រុកលំផាត់ និងឃុំត្រពាំងច្រេស នៃស្រុកកូនមុំ ខេត្តរតនគិរី ដែលត្រូវបានទទួលការអនុញ្ញាតពីរដ្ឋបាលខេត្តរតនគិរី ក្នុងការចុះសិក្សាសាងសង់ និងអនុវត្តគម្រោងសាងសង់ផ្លូវដោយក្រុមហ៊ុន ប៊ី អេច អេច អ៊ិនវេសម៉ិន ខូអិលធីឌី តំណាងដោយ លោក វង្ស សេរីរតនា អគ្គនាយកក្រុមហ៊ុន ។

ជាមួយគ្នានោះដែរ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានថ្លែងអំរគុណចំពោះក្រុមហ៊ុន នង សារិន មានសំណាង អ៊ិនវេសម៉ិន ខូអិលធីឌី ដែលបានយក​ចិត្តទុកដាក់សម្របសម្រួល កៀគរថវិកាពីដៃគូរនានា ដើម្បីយកមកសាងសង់ផ្លូវ នៅ​ក្នុងភូមិសាស្ត្រខេត្តរតនគិរីដើម្បីឆ្លើយតបតាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ផ្លូវបេតុង៩ខ្សែប្រវែង៦៦គីឡូម៉ែត្រនៅខេត្តរតនគិរី បើការដ្ឋានសាងសង់ជាផ្លូវការ

លោក អភិបាលខេត្តបានបន្តថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់​កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈ សំខាន់សម្រាប់ការគ្រប់គ្រងដឹកនាំ​ និង​អភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍ ​រីក​ចម្រើន​​លើគ្រប់វិស័យជាបន្តទៀតប្រកបដោយ ភាពធន់ សមធម៌ និងនិរន្តរភាព។

លោកសង្កត់ធ្ងន់ទៀតថា ក្នុងនោះ ​ស្នូលនៃយុទ្ធសាស្ត្រ ​បញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច​ និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ​ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជា​មូលដ្ឋានគ្រឹះ​ដើម្បី​ធានាសម្រេចបាននូវការអភិវឌ្ឍដោយចីរភាពលើគ្រប់វិស័យ។

លោកបន្ថែមថា ពិតណាស់ថា នាពេលកន្លងមកនេះខេត្តរតនគិរី មានការសាងសង់សំណង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវគមនាគន៍​ជាច្រើន ដោយប្រើប្រាស់កញ្ចប់ថវិការបស់រដ្ឋបាលឃុំ សង្កាត់ ស្រុក ក្រុង ខេត្ត ឬថវិការបស់ក្រសួង​ពាក់ព័ន្ធនានាដូចជាក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងអភិវឌ្ឍន៍ជនបទជាដើម ​​ដែលបានតភ្ជាប់​ពីបណ្តាញផ្លូវជាតិទៅគ្រប់មូលដ្ឋានក្រុង ស្រុក ឃុំ​ សង្កាត់​ ប៉ុន្តែក៏នូវមានផ្លូវជាច្រើនខ្សែរទៀតដែលមិនទាន់​សាងសង់ ឬសាងសង់ហើយ ក៏ប៉ុន្តែត្រូវខូចខាត ដោយការហូរច្រោះពីទឹកភ្លៀង ឬការប្រើ
ប្រាស់មិនត្រឹមត្រូវ​តាម​លក្ខណៈបច្ចេកទេស។

លោកបន្ថែមទៀតថា ដូច្នេះពេលនេះគឺជាការដ្ឋានបើក​សាងសង់​ផ្លូវបេតុងជានិម្មិតរូប ហើយបន្ទាប់ពីកម្មវិធីនេះ ក្រុមហ៊ុនដែលទទួលសិទ្ធិអនុវត្ត នឹងចាប់ផ្តើមសាងសង់ ព្រមៗគ្នា​នៅគ្រប់ការដ្ឋានទាំង៩កន្លែង ស្របទៅតាមកិច្ច
សន្យា។ ហើយការសាងសង់ផ្លូវទាំងអស់នេះ គឺជាការកែ​សម្រួល​ពីផ្លូវដីក្រហម ទៅជាផ្លូវបេតុង ដែលជា
ផ្នែកមួយ​យ៉ាងសំខាន់​សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុង​ស្រុក​លំផាត់ និងស្រុកកូនមុំ ក៏ដូចបណ្តាឃុំ និងស្រុកដទៃទៀតក្នុងខេត្តរតនគិរីផងដែរ។

លើសពីនេះទៀត លោក ញ៉ែម សំអឿន បានសំណូម
ពរដល់បងប្អូន​ប្រជាពលរដ្ឋ អជ្ញាធរ​មូលដ្ឋាន និងជំនាញពាក់ព័ន្ធ​ ត្រូវផ្តល់កិច្ចសហការ សម្រប
សម្រួលឱ្យបានល្អជាមួយក្រុមហ៊ុនទទួលការ​សាងសង់ ដើម្បី​​ធ្វើឱ្យការអនុវត្តអាចដំណើរការដោយរលូនតាមការគ្រោងទុក។ ជាមួយនេះ ស្នើអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយអោយបានទូលំទូលាយដល់ប្រជាពលរដ្ឋ​របស់ខ្លួនដែលរស់នៅតាមបណ្តោយផ្លូវ សូម​ចូលរួម សហការ និងសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលប៉ះពាល់​ដែលអាចកើតមានជាយថាហេតុ៕


អត្ថបទទាក់ទង