សាលារៀននៅបាងកកជាង ១០០ ប្រកាសបិទទ្វារ ដោយសារខ្យល់កាន់តែអាក្រក់ទៅៗ ខណៈនៅកម្ពុជាមានស្ថានភាពនៅល្អ
បាងកក៖ សាលារៀនរដ្ឋនៅក្នុងទីក្រុងបាងកក ប្រទេសថៃចំនួន ១០៣ បានប្រកាសបិទទ្វារថ្នាក់រៀនរយៈពេលពី ១ ទៅ ៥ ថ្ងៃ អាស្រ័យលើទីតាំង ដោយសារទីក្រុងនេះ កំពុងប្រឈមនឹងការបំពុលខ្យល់ កម្រិត PM2.5 កាន់តែអាក្រក់ទៅៗ។
តាមការចុះផ្សាយរបស់ The Nation បានឱ្យដឹងថា សាលារៀនមួយចំនួនបានបិទថ្នាក់រៀនកាលពីថ្ងៃចន្ទ ខណៈដែលសាលាជាច្រើនផ្សេងទៀតត្រូវបានកំណត់ថានឹងបិទចាប់ពីថ្ងៃព្រហស្បតិ៍នេះ ។
លោក Chadchart Sittipunt អភិបាលក្រុងបាងកកបាននិយាយថា លោកបានអនុញ្ញាតឱ្យនាយកសាលាធ្វើការសម្រេចដោយឯករាជ្យថាតើគុណភាពខ្យល់នៅក្នុងតំបន់របស់ពួកគេបង្កគ្រោះថ្នាក់ដល់សិស្សឬអត់។
លោកបន្តថា ប្រសិនបើនាយកសាលាកំណត់ថាគុណភាពខ្យល់នៅតំបន់ជុំវិញរបស់ពួកគេមិនមានសុវត្ថិភាព ពួកគេអាចនឹងបិទសាលារៀនរហូតដល់បីថ្ងៃ ។
លោកបានបន្ថែមថា ប្រសិនបើខណ្ឌទាំងប្រាំនៃទីក្រុងបាងកកជួបប្រទះគុណភាពខ្យល់ PM2.5 កម្រិតក្រហមលើសពីបីថ្ងៃជាប់ៗគ្នា នាយកដ្ឋានអប់រំអាចបញ្ជាឱ្យសាលា បិទរហូតដល់ ១៥ថ្ងៃ។ ប្រសិនខណ្ឌផ្សេងទៀត ប្រឈមមុខនឹងលក្ខខណ្ឌ PM2.5 កម្រិតក្រហមសម្រាប់រយៈពេលលើសពី ៣ ថ្ងៃ សាលារៀននៅក្នុងខណ្ឌនោះបិទទ្វារដោយគ្មានកំណត់។
គិតត្រឹមថ្ងៃពុធ នៅក្នុងស្រុក Nong Khaem បានទទួលរងនូវ ភាពខ្យល់ PM2.5 កម្រិតក្រហមបីថ្ងៃជាប់ៗគ្នាចាប់តាំងពីថ្ងៃចន្ទ។ នាយកសាលានៅក្នុងស្រុកនេះ បានលុបចោលថ្នាក់រៀននៅថ្ងៃច័ន្ទ និងថ្ងៃអង្គារ ហើយចៅហ្វាយស្រុកបានបញ្ជាឱ្យឈប់សម្រាកចំនួនពីរថ្ងៃបន្ថែមទៀតនៅថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ។
ពាក់ព័ន្ធនឹងបញ្ហានេះ រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក អ៊ាង សុផល្លែត បានអះអាងថា កម្ពុជាមានគុណភាពខ្យល់សាធារណៈនៅល្អ ប៉ុន្តែចាំបាច់ត្រូវចូលរួមវិធានការ៣កុំ គឺកុំដុត កុំចោល និងកុំកប់ សំរាម សំណល់ប្លាស្ទិក ដើម្បីទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ។
លោក រដ្ឋមន្រ្តីថ្លែងថា« «ខ្ញុំសូមបញ្ជាក់ជូនថាថ្ងៃនេះ (ទី២២ ខែមករា) គុណភាពខ្យល់នៅកម្ពុជាល្អប្រសើរ។ មានន័យថា ដកដង្ហើមទៅអត់ពុលទេ ដោយឡែកប្រទេសមួយចំនួននៅជុំវិញយើង គាត់កំពុងតែរងជាតិពុលយ៉ាងខ្លាំង»។
ជុំវិញរឿងនេះដែរ ក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា នៅថ្ងៃទី ២៣ ខែមករានេះ បានជូនដំណឹងដល់សាធារណជន ស្តីពីស្ថានភាពធាតុអាកាសចុះអ័ព្ទ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ឱ្យដឹងថា ចាប់ពីម៉ោង២៖០០យប់ រហូតដល់ម៉ោង ៧៖០០ព្រឹក នឹងមានបាតុភូតចុះអ័ព្ទកើតឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា៕