យុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធបានចាប់ផ្តើមមុនគេ នៅរាជធានីភ្នំពេញ
ភ្នំពេញ៖ គណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ រៀបចំយុទ្ធនាការផ្សព្វផ្សាយ និងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានសមាជិកចូលរួមប្រមាណ ១.៥០០នាក់ ក្រោមអធិបតីភាព លោកហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។
ថ្លែងក្នុងយុទ្ធនាការផ្សព្វផ្សាយនេះ លោក ហែម វណ្ណឌី បានលើកឡើងថា៖ “រាជរដ្ឋាភិបាលកម្ពុជាបានបង្កើនការយកចិត្តទុកដាក់លើការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ជាពិសេសចំពោះសុខមាលភាព និងជីវភាពរស់នៅរបស់បងប្អូន តាមរយៈការពង្រឹងសមត្ថភាព ភាពធន់ និងភាពប្រកួតប្រជែងលើទីផ្សារ។”
លោកបន្តថា ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធជាកិច្ចការអាទិភាព និងចាំបាច់ ដើម្បីជំរុញការចូលរួមក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងបង្កើតតម្លៃបន្ថែមក្នុងសកម្មភាពសេដ្ឋកិច្ចជាតិ ទន្ទឹមនឹងនេះ រួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ និងវិសមភាពសង្គម។ ការចុះឈ្មោះក្នុងថ្នាលឌីជីថលនេះអនុញ្ញាតិឱ្យរាជរដ្ឋាភិបាលមានមូលដ្ឋានទិន្នន័យច្បាស់លាស់សម្រាប់
ផ្តល់អន្តរាគមន៍ចំគោលដៅ និងទាន់ពេលវេលា ពិសេសក្នុងអំឡុងពេលមានវិបត្តិ។
លោករដ្ឋមន្ត្រីបានបន្ថែមថា៖ “ការចុះឈ្មោះក៏បើកផ្លូវសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានលទ្ធភាពទទួលបានការគាំទ្រផ្សេងៗ ដែលក្រសួងស្ថាប័នកំពុងរៀបចំជាបន្តបន្ទាប់ដូចជាការអភិវឌ្ឍជំនាញការចូលជាសមាជិកបេឡាជាតិរបបសន្តិសុខសង្គម(ប.ស.ស)ការទទួលបានសេវាហិរញ្ញវត្ថុផ្លូវការការអនុគ្រោះនិងលើកលែងកាតព្វកិច្ចពន្ធដារ និងសេវាគាំពារសង្គមជាដើម។”
ជាមួយគ្នានេះ លោក ឃួង ស្រេង បានរំលឹកឡើងវិញនូវប្រសាសន៍ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានថ្លែងបញ្ជាក់ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ថា៖ “ការរៀបចំឱ្យមានការចុះឈ្មោះតាមថ្នាលឌីជីថលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលបំណងសំខាន់ គឺដើម្បីជួយ និងមិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងមិនមានការបង្ខិតបង្ខំនោះឡើយ។
លោកឃួង ស្រេងសង្កត់ធ្ងន់ថា នេះជាយន្តការដែលរាជរដ្ឋាភិបាលរៀបចំឡើង ដើម្បីបង្កើតនូវទំនាក់ទំនងរវាងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការគិតគូរ និងជួយដល់បងប្អូនអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល។”
ជាមួយគ្នានេះ លោកអភិបាលរាជធានីភ្នំពេញរូបនេះ ក៏បានអំពាវនាវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ចូលរួមចុះឈ្មោះក្នុងថ្នាលឌីជីថលនេះ ឱ្យបានកាន់តែច្រើន ដើម្បីអនាគត មុខរបរ ការងារ និងប្រាក់ចំណូលគ្រួសាររបស់ខ្លួន។
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ អនុញ្ញាតឱ្យមានមធ្យោបាយចុះឈ្មោះច្រើនជម្រើស តាម
រយៈកម្មវិធីទូរសព្ទដៃ (CAM-IE app) វិបផតថល និងតាមរយៈសាខានៃភ្នាក់ងារចុះឈ្មោះនៅទូទាំងប្រទេស ដែលបច្ចុប្បន្នរួមមាន ធនាគារវីង, ធនាគារអេស៊ីលីដា, ធនាគារ ABA, ធនាគារ SME, និង ធនាគារ ARDB ។
ក្រុមគោលដៅសម្រាប់ការចុះឈ្មោះនេះរួមមានសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតនៃសហគ្រាសធុនមីក្រូ, កម្មករ-និយោជិតម្តងម្កាល, និងបុគ្គលស្វ័យនិយោជន៍ ដែលប្រកបអាជីវកម្ម មុខរបរ និង/ឬ ការងារនៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕