ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាម
ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ខែមករាឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិននិងវៀតណាម។
កិច្ចប្រជុំបានដាក់ចេញនូវគោលការណ៍ឲ្យជំនាញនិងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤
សហការចុះផ្សព្វផ្សាយអប់រំដល់កន្លែងលក់ផាវនិងកាំជ្រួច ដោយមិនអនុញ្ញាតឲ្យលក់ផាវនិងកាំជ្រួចនោះទេ បើក្នុងករណីរកឃើញមានការដឹកជញ្ជូនផាវកាំជ្រួចត្រូវចាប់ឃាត់ទុក។
លើសពីនេះទៀត កិច្ចប្រជុំនេះ បាន ណែនាំមិនអនុញ្ញាតឲ្យមានការដុតផាវ ដុតកាំជ្រួច ដែលមានហានីភ័យបង្កគ្រោះថ្នាក់ជាយថាហេតុណាមួយ។ណែនាំឲ្យត្រៀមរថយន្តពន្លត់អគ្គិភ័យដើម្បីចេញសង្រ្គោះអគ្គីភ័យ។
បន្ថែមពីនេះ កិច្ចប្រជុំខាងលើនេះ ក៏បាបណែនាំពង្រឹងការត្រួតពិនិត្យអាវុធជាតិផ្ទុះ ចេញល្បាតត្រួតពិនិត្យបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ និងបង្ការទប់ស្កាត់បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ។កិច្ចប្រជុំមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកអនុប្រធានផែន លោក-លោកស្រីនាយការិយាល័យជំនាញ និងលោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤។
ទាក់ទិននឹងបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានចេញសេចក្តីណែនាំស្តីពីការរៀបចំរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម នៅរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ ខាងមុខនេះ៕