ភ្ញៀវទេសចរបរទេសពេញចិត្តពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងការបង្កបង្កើនផលតាមបែបប្រពៃណីរបស់កម្ពុជា
សៀមរាប៖ បន្ទាប់ពីទស្សនាតំបន់រមណីយដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះ ក្រុមភ្ញៀវទេសចរជនជាតិបារាំង ៣៥នាក់ បានបន្តទស្សនកិច្ចនៅសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង ក្នុងសង្កាត់ជ្រាវ ក្រុងសៀមរាប ដើម្បីស្វែងយល់ពីសក្តានុពលទេសចរណ៍ ការងារបង្កបង្កើនផល ក៏ដូចជាការស្វែងយល់ពីប្រពៃណីទំនៀមទម្លាប់ និងជីវភាពរស់នៅប្រចាំរបស់ប្រជាពលរដ្ឋខ្មែរនៅតាមតំបន់ជនបទផងដែរ។
អ្នកស្រី ALLAIN Charlotte តំណាងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍អាត់កុមប៉ាញីទ្រីស ប្រទេសបារាំង បានឱ្យដឹងថា នេះជាលើកដំបូងដែលអ្នកស្រីបាននាំទេសចរបារាំងមកទីនេះ ហើយក្រុមភ្ញៀវពួកគាត់បានបង្ហាញភាពពេញចិត្ត នៅពេលដែលពួកគាត់បានឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងបានឃើញពីសកម្មភាពពិតៗ នៃការបង្កបង្កើនផលតាមបែបប្រពៃណីរបស់ប្រជាជនកម្ពុជា រួមជាមួយនឹងការជិះរទេះគោទស្សនាតាមវាលស្រែផងដែរ។
ពួកគាត់នឹងជួយផ្សព្វផ្សាយទៅដល់ភ្ញៀវទេសចរបារាំង និងនាំទេសចរបារាំងដើម្បីឱ្យមកកម្សាន្តនៅទីនេះបន្ថែមទៀត។
ទាក់ទិននឹងបញ្ហានេះ លោក ភុត ផានិត ប្រធានផ្នែកទេសចរណ៍នៃសហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិ បឹងពារាំង បានឱ្យដឹងថា នៅក្នុងសង្កាត់ជ្រាវ មានសក្តានុពលទេសចរណ៍ជាច្រើន និងសម្បូរទៅដោយវប្បធម៌ប្រពៃណីទំនៀមទម្លាប់ ដែលសុទ្ធតែអាចទាក់ទាញភ្ញៀវទេសចរមកកម្សាន្ត ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅតាមមូលដ្ឋាននេះអាចមានឱកាសបង្កើតការងារ និងទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់សេដ្ឋកិច្ចគ្រួសារ។
លោកបន្តថា ជាមួយគ្នានេះ ភ្ញៀវទេសចរដែលបានមកកម្សាន្តនៅតំបន់នេះ ពួកគាត់អាចស្វែងយល់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូចជាការដាំដំណាំ ការបង្កបង្កើនផល មើលទិដ្ឋភាពវាលស្រែអមជាមួយថ្ងៃលិចដ៏ស្រស់ស្អាត ជិះរទះគោ និងជិះទូកទស្សនាសត្វស្លាប នៅបឹងពារាំង ដែលមានសត្វរាប់ម៉ឺនក្បាល និងជាង១០០ប្រភេទ ជាពិសេសសម្បូរក្នុងអំឡុងរដូវសម្រកនេះ។
លោក ភុត ផានិត បន្ថែមថា ការរៀបចំឱ្យមានវង់ទស្សនាបែបជាកសិទេសចរណ៍ធម្មជាតិនេះ គឺសំដៅចូលរួមលើកស្ទួយវិស័យទេសចរណ៍សហគមន៍ផង ជួយបង្កើនការងារបន្ថែមដល់បងប្អូនក្នុងសហគមន៍ តាមរយៈជួយការងារនានាក្នុងសហគមន៍ និងដាំដំណាំ ចិញ្ចឹមសត្វតាមគ្រួសារសម្រាប់ផ្គត់ផ្គង់ដល់អ្នកប្រើប្រាស់ផង។
លោកបន្តថា ដោយសង្កេតឃើញពីអំណោយផល និងសក្តានុពលនៃវិស័យទេសចរណ៍បែបធម្មជាតិក្នុងមូលដ្ឋាននេះ ទើបបង្កើតឱ្យមានជាវង់ទស្សនាដើម្បីឱ្យទីនោះក្លាយទៅជាគោលដៅទេសចរផង ហើយប្រជាពលរដ្ឋក៏អាចយកផលិតផលកសិកម្មរបស់ខ្លួនមកដាក់លក់បានថែមទៀតផង៕