ច្បាស់ការហើយ! ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ នឹងរៀបចំឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ
ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅនៅឯពហុកីឡដ្ឋានជាតិមរតកតេជោ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម វ៉ាត់ ចំរើន។
ឯកឧត្ដម អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មការចំពោះកិច្ច នៃពានរង្វាន់ខាងលើ បានមានប្រសាសន៍ថា តាមគោលការណ៍ពី សម្ដេចមហាបវរធិបតី ការប្រកួតត្រូវធ្វើឡើងនៅកន្លែងណាដែលអាចជានិមិត្តរូបនៃការអភិវឌ្ឍកីឡាជាតិ ដូច្នេះពហុកីឡដ្ឋានជាតិមរតកតេជោ ជាកន្លែងដ៏ស័ក្ដិសម ក៏ជាទីតាំងល្អដែលអាចរៀបចំឡើងក្នុងសាល។
ឯកឧត្ដម វ៉ាត់ ចំរើន បញ្ជាក់បន្ថែមថា សម្ដេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏ចង់ឱ្យព្រឹត្តិការណ៍ក្រោយៗទៀត អាចនឹងរៀបចំនៅតាមខេត្តផងដែរ។ អ្វីសំខាន់មួយទៀត គឺពង្រឹងសមត្ថភាពកីឡាករ កីឡាការិនី ឱ្យមានវិន័យក្នុងការចូលរួម ពោលទៅដល់ទីណា មានវិន័យល្អ ការរៀបចំស្រួល ស្គាល់គ្នា យោគយល់គ្នា និងចូលរួមឱ្យបានល្អជាមួយគ្នា។
គួរបញ្ជាក់ថា បើគ្មានអ្វីប្រែប្រួលទេនោះ ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥៕