ក្រុមកីឡាចំនួន ១២ បរិច្ចាគប្រាក់ ៨លានដុល្លារ ដល់កិច្ចខិតខំប្រឹងប្រែងពង្លត់ភ្លើងឆេះព្រៃ នៅរដ្ឋ Los Angeles
នៅព្រឹកថ្ងៃ អង្គារ ទី១៤ ខែមករា ឆ្នាំ២០២៤នេះ ក្រុមកីឡាជាច្រើនប្រភេទ ដូចជា បាល់ទាត់ និងបាល់បោះជាដើម ដែលមានមូលដ្ឋាននៅរដ្ឋ Los Angeles ចំនួន ១២ក្រុម បានសន្យាបរិច្ចាគទឹកប្រាក់ចំនួន ៨លានដុល្លារ ដើម្បីគាំទ្រជនរងគ្រោះ និងអ្នកដែលកំពុងប្រយុទ្ធភ្លើងឆេះព្រៃ នៅរដ្ឋ Los Angeles សហរដ្ឋអាមេរិក។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ក្លិបបាល់ទាត់ Angels City FC, the Angels, Chargers, Clippers, Dodgers, Ducks, Galaxy, Kings, LAFC, Lakers, Rams និង Sparks នឹងធ្វើការរួមចំណែកបរិច្ចាគប្រាក់ដល់កាកបាទក្រហមអាមេរិក មូលនិធិនាយកដ្ឋានពន្លត់អគ្គីភ័យ និងអង្គការសង្គ្រោះដទៃទៀត។
គ្រូបង្វឹកក្រុម Lakers លោក JJ Redick ដែលផ្ទះរបស់គាត់ បានបាត់បង់ក្នុងភ្លើង កាលពីសប្តាហ៍មុន បាននិយាយថា ៖« យើងប្តេជ្ញាដូចដែលមិនធ្លាប់មាន ចំពោះទីក្រុង Los Angeles។ យើងទទួលស្គាល់ថា វាមិនមែនគ្រាន់តែជាសហគមន៍របស់យើងទេ ដែលរងផលប៉ះពាល់ពីបញ្ហានេះ។ យើងប្តេជ្ញាជួយមនុស្សឱ្យអស់ពីសមត្ថភាព ហើយយើងនឹងធ្វើវា»៕
អគ្គីភ័យកាលពីសប្តាហ៍មុន បានបង្ខំឱ្យការប្រកួត playoff របស់ NFL រវាង Rams និង Vikings ត្រូវបានលើកពេលមកលេងនៅយប់ថ្ងៃចន្ទ ម្សិលមិញនេះ ដែលត្រូវបានផ្លាស់ប្តូរពីកីឡដ្ឋាន SoFi ក្នុងទីក្រុង Inglewood ទៅកាន់កីឡដ្ឋាន Glendale រដ្ឋ Arizona ខណៈការប្រកួត រវាងក្រុម Lakers និង Clippers ក៏ត្រូវបានពន្យារពេលទៅលេងនៅពេលក្រោយផងដែរ។
គួរបញ្ជាក់ថា ខ្យល់បោកបក់ខ្លាំងត្រូវបានគេរំពឹងថា នឹងវិលត្រលប់ទៅរដ្ឋ Los Angeles វិញនៅថ្ងៃអង្គារនេះ ដែលបង្កគ្រោះថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃដ៏ធំចំនួនពីរ ដែលបានលេបត្របាក់តំបន់ជាច្រើន ហើយបានឆក់យកជីវិតមនុស្សជាច្រើននាក់៕