រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន WANLI Tire តម្លៃ ៥០០លានដុល្លារ បើកការដ្ឋានសាងសង់នៅក្រុងបាវិត
ស្វាយរៀង៖ រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន WANLI Tire តម្លៃ ៥០០លានដុល្លារអាមេរិក បានចាប់ផ្តើមបើកការដ្ឋានសាងសង់ នៅទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា។
ពិធីបើការដ្ឋានសាងសង់នៅថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និង អភិបាលខេត្តស្វាយរៀង ព្រមទាំង លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group, លោក CAO XIANDONG ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាន់លី ថាយអឺ, លោក ZENG PING អគ្គនាយករងក្រុមហ៊ុន China Construction Fourth Engineering Bureau រួមជាមួយ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូបផ្សេងទៀត។
រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់នាព្រឹកនេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។
គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០កន្លែង។
គម្រោងវិនិយោគមួយនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចរបស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។
នៅក្នុងសុន្ទរកថាគន្លឹះ លោក ឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងកម្ពុជា និងមិត្តចិន ហើយនឹងបន្តរឹតបន្តឹងចំណងមិត្តភាពទំនាក់ទំនងការទូតមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែលកសាងឡើងដោយថ្នាក់ដឹកនាំមុនៗ។ លើសពីនេះ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។
បន្ថែមពីនេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួលេខនៃការកើនឡើងរបស់គម្រោងវិនិយោគ ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដូចជា៖ (១)កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និង (៣)ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេសភាពអំណោយផលនៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោក ឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ជាថ្នាលបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថល ផងដែរ និងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ និងបានលើកទឹកចិត្តវិនិយោគិនទាំងអស់ដែលមានបំណងស្នើសុំដាក់ពាក្យចុះបញ្ជីគម្រោងវិនិយោគថ្មី ឬគម្រោងពង្រីកគម្រោងវិនិយោគរបស់ខ្លួនដែលបានចុះបញ្ជីស្រាប់នៅ ក.អ.ក.ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីភាពងាយស្រួល និងចំណេញពេលវេលា។