Close

ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ ភូមិគំរូ ចំនួន ៣០ភូមិ

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែធ្នូ ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ ភូមិគំរូ ចំនួន ៣០ភូមិ ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ ភូមិគំរូ ចំនួន ៣០ភូមិ

ភ្នំពេញ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បានចាត់ទុកចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ខណៈក្រសួងក៏បានប្តេជ្ញាជំរុញការអភិវឌ្ឍន៍ភូមិគំរូឱ្យមានការទទួលស្គាល់ ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨ ខាងមុខនេះ។នេះបើយោងតាមពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន ៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលធ្វើឡើងកាលពីថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៤។

នាឱកាសនោះដែរ លោក ឆាយ ឫទ្ធិសែន បានសម្ដែងក្តីសាទរចំពោះ ជ័យលាភី “ភូមិគំរូ” ទាំង៣០ភូមិ លើកទី១ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីត្រូវបាន វាយតម្លៃដោយគណៈកម្មការវាយតម្លៃការអភិវឌ្ឍភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ ភូមិគំរូ ចំនួន ៣០ភូមិ

លោកបន្តថា ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី បានបញ្ជាក់ថា៖« ចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញឱ្យសម្រេចបានចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨»។

យោងតាមប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច មានសុខភាព និងបរិស្ថានរស់នៅល្អ ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” តាមរយៈការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យចំនួន៥ រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង(៥)អភិបាលកិច្ច៕

ក្រសួងអភិវឌ្ឍន៍ជនបទប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ ភូមិគំរូ ចំនួន ៣០ភូមិ