ព្រំ សំណាង មឿន សុខហ៊ុច និង គោរមៈ ច័ន្ទរាជ ចូលរួមព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯកពិភពលោកគុនខ្មែរ លើកទី៥
នៅសល់មិនដល់មួយអាទិត្យទៀតនោះទេ ព្រឹត្តិការណ៍ប្រកួតជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥ នឹងរៀបចំឡើង នៅមុខសួនព្រះរាជដំណាក់ខេត្តសៀមរាប ពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ។
ព្រឹត្តិការណ៍ប្រកួតប្រដាល់ជើងឯកពិភពលោកគុនខ្មែរនេះ មានការប្រកួតទាំងលក្ខណៈអាជីព និងពាក់កណ្ដាលអាជីព។ ចំពោះការប្រកួតលក្ខណៈអាជីព មានកីឡាករល្បីៗ ដូចជា ព្រំ សំណាង មឿន សុខហ៊ុច ម្ចាស់ជើងឯកឆ្នាំចាស់ គោរមៈ ច័ន្ទរាជ។ ក្រៅពីកីឡាករអាជីព ក៏មានកុមារា ១០ ដល់ ១៣ឆ្នាំ ដែលមានឥណ្ឌា ប៉ះ កីឡាករខ្មែរ។ កុមារាអាយុ ១៤ ដល់ ១៧ឆ្នាំ មកពីបណ្ដាប្រទេសផ្សេងៗ និង ១៨ ដល់ ៣៥ឆ្នាំ ស្ម័គ្រចិត្ត និងពាក់កណ្ដាលអាជីព។
បើតាមការបញ្ជាក់របស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរអន្តរជាតិ ការប្រកួតជ្រើសរើសជើងឯកពិភពលោក កីឡាគុនខ្មែរ លើកទី៥ នឹងមានប្រទេស ចូលរួមចំនួន ២៤ប្រទេស ខណៈរូបមន្តនៃការប្រកួត យកតាមលំនាំតាមស៊ីហ្គេម។
សម្រាប់ការដាក់ប្រភេទអាយុក្មេងៗទាំងអស់នេះចូលយើងមានគោលដៅពង្រឹងសមត្ថភាពពួកគាត់ ដោយគ្រោងដាក់បញ្ចូលវិញ្ញាសាគុនខ្មែរអន្តរជាតិចូលរួមនៅក្នុងកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ហើយ ក៏ជាការសម្រួចមួយក្នុងទិសដៅឆ្ពោះទៅអូឡាំពិកហ្គេមឆ្នាំ២០៣២ នៅប្រទេសអូស្រ្តាលីផងដែរ។
គួរបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរជើងឯកពិភពលោកកីឡាគុនខ្មែរ លើកទី៥ នឹងធ្វើឡើងពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយមានប្រទេសចូលរួមមានដូចជា កៀរហ្ស៊ីស៊ីស្ថាន អ៊ីរ៉ង់ បារាំង អាមេរិក ជាដើម។ សរុប មាន២៤ប្រទេស កីឡាករ កីឡាការិនី ១១៨នាក់។ ក្នុងនោះ បារាំង មានកីឡាករកីឡាការិនីច្រើនជាងគេ គឺ១៧នាក់៕