ក្រសួងការពារជាតិឈរលេខ១ ការប្រកួតកីឡាប្រដាល់គុនខ្មែរនៃកីឡាជាតិ និងកីឡាជាតិជនពិការ ឆ្នាំ២០២៤
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤–ក្រសួងការពារជាតិឈរនៅចំណាត់ថ្នាក់លេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ក្នុងចំណោមក្រសួង-រាជធានី-ខេត្តចំនួន១៤ ចូលរួមប្រកួតកីឡាប្រដាល់គុនខ្មែរ នៃព្រឹត្តិការណ៍កីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ ដែលបានបិទបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលកីឡាសម្តេចពិជ័យសេនា ទៀ បាញ់ នៃមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។
គណៈកម្មការរៀចំការប្រកួតប្រភេទកីឡាប្រដាល់គុនខ្មែរ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ ឆ្នាំ២០២៤ បានបង្ហាញលទ្ធផលបច្ចេកទេសថា បន្ទាប់ពីឆ្លងកាត់ការប្រកួតរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី០១-០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ រួមមាន៖
-ចំណាត់ថ្នាក់លេខ១ ក្រសួងការពារជាតិ មេដាយមាស៦ ប្រាក់២ និងសំរឹទ្ធ៣
-ចំណាត់ថ្នាក់លេខ២ ក្រសួងមហាផ្ទៃ មេដាយមាស៣ ប្រាក់៣ និងសំរឹទ្ធ៣
-ចំណាត់ថ្នាក់លេខ៣ ខេត្តព្រៃវែង មេដាមាស២ ប្រាក់១ និងសំរឹទ្ធ១
-ចំណាត់ថ្នាក់លេខ៤ ខេត្តបន្ទាយមានជ័យ មាស១ ប្រាក់២ និងសំរឹទ្ធ២
-ចំណាត់ថ្នាក់លេខ៥ ខេត្តស្វាយរៀង មាស១ និងប្រាក់ ១គ្រឿង។
គួរបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរនៃកីឡាជាតិ ២០២៤នេះ មានប្រតិភូកីឡាមកពីក្រសួង រាជធានី-ខេត្តចំនួន១៤ ដោយក្នុងនោះ មានកីឡាករ កីឡាការិនីសរុប ១១៧នាក់ ដោយមានវិញ្ញាសាសរុប១៣ ខណៈ មានវិញ្ញាសាប្រយុទ្ធបុរស៩ ប្រយុទ្ធនារី៣ និងថ្វាយបង្គុំគ្រូនារី១វិញ្ញាសា៕