ក្រសួងទេសចរណ៍កម្ពុជា-ឡាវរៀបំវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ នៅខេត្តសៀមរាប
សៀមរាប៖ ក្រសួងទេសចរណ៍របស់កម្ពុជា និង ក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ រៀបចំវេទិកាជំនួបរវាងផ្នែកឯកជនកម្ពុជា-ឡាវ រៀបចំឡើងក្នុងគោលបំណងជំរុញទំនាក់ទំនង និងការតភ្ជាប់រវាងផ្នែកឯកជន និងផ្នែកជននៃប្រទេសទាំងពីរ ក្រោមស្មារតីនៃផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ ២០២៣-២០២៤។
វេទិកាខាងលើនេះ ត្រូវបានរៀបចំនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ នាខេត្តសៀមរាប ក្រោមអធិបតីភាព លោក ថុក សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ ,លោក អ៊ឹង គឹមលាង អភិបាលរងខេត្តសៀមរាប និងលោក Phouthone Dalalom ប្រធានប្រតិភូក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ។
នាឱកាសនោះ ក៏មានរៀបចំបទបង្ហាញ និងសុន្ទរកថាគន្លឹះសំខាន់ៗ ត្រូវបានបង្ហាញអំពីសក្តានុពលទេសចរណ៍សំខាន់ៗនៃប្រទេសទាំងពីរ និងបញ្ហាប្រឈម ព្រមទាំងកាលានុវត្តភាពក្នុងការបង្កើតទេសចរណ៍រួមគ្នារវាងប្រទេសទាំងពីរ ការជំរុញការអភិវឌ្ឍទេសចរណ៍នៃប្រទេសទាំងពីរ និងការជំរុញលំហូរទេសចររវាងប្រទេសទាំងពីរ និងទេសចរមកពីប្រទេសទីបីមកកាន់ប្រទេសទាំងពីរ។
នារសៀលថ្ងៃដដែល កិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ ត្រូវបានរៀបចំឡើងដោយសហប្រធាន លោក ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក Phouthone Dalalom អគ្គនាយករងទីផ្សារទេសចរណ៍នៃក្រសួងព័ត៌មាន វប្បធម៌ ទេសចរណ៍ឡាវ ក្រោមស្មារតីនៃកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី២ កាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ និងស្មារតីនៃអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ កម្ពុជា-ឡាវ ដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០២២ នៅខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
កិច្ចប្រជុំបានអនុម័តលើកំណត់ហេតុកិច្ចប្រជុំក្រុមការងាររួម ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍កម្ពុជា-ឡាវ លើកទី៣ និងផែនការសកម្មភាពរួម ស្តីពីកិច្ចសហប្រតិបត្តិការកម្ពុជា-ឡាវ ២០២៥-២០២៦ ដោយផ្តោតលើសកម្មភាពសំខាន់ៗ ចំនួន១៥ ក្រោមចំណុចកិច្ចសហប្រតិបត្តិការចំនួន៤ រួមមាន៖ ១.កិច្ចសហប្រតិបត្តិការលើការសម្រួលការធ្វើដំណើរ និងការឆ្លងកាត់ព្រំដែន ២.ការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យទេសចរណ៍រួម ៣.ការផ្សព្វផ្សាយ និងទីផ្សារទេសចរណ៍រួម និង ៤.ការតភ្ជាប់ និងអភិវឌ្ឍន៍ផលិតផលទេសចរណ៍៕