ក្រសួងទេសចរណ៍រៀបចំសេចក្តីព្រាងគោលការណ៍ណែនាំស្តង់ដា «ភូមិទេសចរណ៍គំរូ » នៅខេត្តសៀមរាប
សៀមរាប៖ ក្រសួងទេសចរណ៍ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បានរៀបចំសិក្ខាសាលា ស្តីពីការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តង់ដា «ភូមិទេសចរណ៍គំរូ » ក្រោមវត្តមានលោកបណ្ឌិត ជុក ជំនោរ អគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរទេសចរណ៍មកពីរាជធានី ខេត្ត អាជ្ញាធរមូលដ្ឋាន ភាគីពាក់ព័ន្ធជាច្រើនចូលរួមផងដែរ។
ក្នុងឱកាសនោះលោក ជុក ជំនោរ បានលើកឡើងថា រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។ លោកបន្តថា សុខសន្តិភាព បានធានាបាននូវការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ដែលត្រូវបានរាជរដ្ឋាភិបាល បានចាត់ទុកជា «មាសបៃតង» របស់កម្ពុជា។
លោក ជុក ជំនោរ បានបន្តថា ក្រសួងទេសចរណ៍បានកំពុងខិតខំពង្រឹងនូវយុទ្ធនាការ «ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ» ដែលជាជម្រើសយុទ្ធសាស្ត្រដ៏សមស្របក្នុងការចូលរួមអភិវឌ្ឍទេសចរណ៍បៃតង និងចូលរួមធ្វើឱ្យកម្ពុជាឆ្ពោះទៅរកភាពស្អាត និងបៃតង «Cambodia! Going Green» ស្របតាមនិន្នាការទេសចរណ៍តំបន់ និងពិភពលោក ពិសេសស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និងធម្មជាតិ។
លោកបន្ថែមថា ក្រសួងទេសចរណ៍ បានដាក់ចេញនូវកម្មវិធីការងារអាទិភាពរបស់ខ្លួនក្នុងការពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍ ដោយក្នុងនោះការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ត្រូវបានមើលឃើញថា ចាំបាច់ និងបន្ទាន់។
លោកបន្តថា ការរៀបចំឱ្យមានស្តង់ដា «ភូមិទេសចរណ៍គំរូ» នាពេលនេះ ជាកត្តាដ៏សំខាន់ក្នុងការរួមចំណែកធ្វើពិពិធកម្មផលិតផលទេសចរណ៍ ជំរុញការផ្សព្វផ្សាយ និងការទាក់ទាញភ្ញៀវទេសចរដ៏មានប្រសិទ្ធភាព ពិសេសរួមចំណែកដល់ការជំរុញ និងអភិវឌ្ឍតំបន់ជនបទ ឱ្យប្រែក្លាយជាគោលដៅទេសចរណ៍ដ៏មានភាពទាក់ទាញ ស្របតាមយុទ្ធសាស្ត្រពិពិធកម្មផលិតផលទេសចរណ៍របស់រាជរដ្ឋាភិបាល និងជំរុញការតភ្ជាប់ទៅកាន់តំបន់ជនបទផងដែរ។
លោកបញ្ជាក់ថា «ភូមិទេសចរណ៍គំរូ» បានគំនិតផ្តួចផ្តើមដោយអង្គការទេសចរណ៍សហប្រជាតិ មានគោលបំណងធ្វើឱ្យវិស័យទេសចរណ៍ក្លាយជាកម្លាំងវិជ្ជមានសម្រាប់ការផ្លាស់ប្តូរការអភិវឌ្ឍនៅតំបន់ជនបទ និងសុខុមាលភាពសហគមន៍។ ជាពិសេស គឺរួមចំណែកដល់ការគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព (SDGs) នៅឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ (UN)។
លោក យុន លីនណេ បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន និងអង្គការដៃគូរអភិវឌ្ឍន៍នានា ក្នុងការចូលរួមធ្វើឱ្យសៀមរាបអង្គរ ក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញ។ ជាពិសេស ការដាក់ចេញនូវវិធានគោលនយោបាយផ្សេងៗជាច្រើន ដើម្បីជួយស្រោចស្រង់ដល់ វិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។
លោកបានបន្តថា ការរៀបចំសិក្ខាសាលាពិគ្រោះយោបល់ក្នុងថ្ងៃនេះ ជាការចូលរួមចំណែកក្នុងការបង្កើតផលិតផលទេសចរណ៍ថ្មីមួយដ៏ទាក់ទាញ និងផ្តល់ផល ប្រយោជន៍ផ្ទាល់ដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសជំរុញដល់ការរៀបចំភូមិ ឃុំរបស់យើងឱ្យមានសភាពស្អាត និងរៀបចំបានល្អ ព្រមទាំងចូលរួមបានក្នុងការថែរក្សាទំនៀម ទំលាប់ប្រពៃណីរបស់ខ្មែរផងដែរ។
ជាមួយនេះដែរ លោកក៏សូមឲ្យសិក្ខាកាមដែលបានចូលរួមក្នុងសិក្ខាសាលានាថ្ងៃនេះ ចូលរួមបញ្ចេញមតិយោបល់ឱ្យបានផុសផុល ដើម្បីជាធាតុចូលសម្រាប់រៀបចំគោលនយោបាយ «ភូមិទេសចរណ៍គំរូ» ឱ្យបានល្អ និងគ្រប់ជ្រុងជ្រោយផងដែរ៕