ទំហំពាណិជ្ជកម្មរបស់កម្ពុជាកើនដល់ជិត ៥ ពាន់លានដុល្លារ
ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរបស់កម្ពុជាមានប្រមាណ ៤,៥ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០០៤ និងបានកើនឡើងជាបន្ដបន្ទាប់ រហូតដល់ ៤៦,៨២ ពាន់លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៣ ក្នុងនោះការនាំចេញសរុបរបស់កម្ពុជាមានប្រមាណ ២២,៦៤ ពាន់លានដុល្លារអាម៉េរិក។
ដៃគូពាណិជ្ជកម្មសំខាន់ៗរបស់កម្ពុជា រួមមាន៖ ប្រទេសចិន, សហរដ្ឋអាម៉េរិក, សហភាពអឺរ៉ុប, ជប៉ុន, ថៃឡង់ដ៏, វៀតណាម និងកូរ៉េខាងត្បូង។
ទំនាក់ទំនងពាណិជ្ជកម្មទាំងនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីពហុភាគី និងទ្វេភាគី ព្រមទាំងតាមរយៈអាស៊ាន ដែលជំរុញសេរីភាវូបនីយកម្មពាណិជ្ជកម្ម និងសមាហរណកម្មតំបន់នៅក្នុងអាស៊ីអាគ្នេយ៍។
កម្ពុជាទទួលបានច្រកចូលទីផ្សារអន្តរជាតិល្អប្រសើរ តាមរយៈគោលការណ៍ប្រជាជាតិអនុគ្រោះបំផុត (Most Favord Nation (MFN) Principle) ដែលមានន័យថា សមាជិកអង្គការ WTO ដទៃទៀត ត្រូវតែផ្តល់ឱ្យកម្ពុជានូវផលប្រយោជន៍ពាណិជ្ជកម្មដូចគ្នា ដូចជាការកាត់បន្ថយពន្ធគយ ដែលពួកគេបានផ្តល់ទៅឱ្យប្រទេសសមាជិកផ្សេងទៀត ជាដើម។
ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងឆ្នាំ២០០៤ មានប្រមាណ ៥,៣ ពាន់លានដុល្លារអាម៉េរិក ខណៈពេលក្នុងឆ្នាំ២០២២ បានកើនរហូតដល់ ២៩,៦១ ពាន់លានដុល្លារអាម៉េរិក។
ការវិនិយោគផ្ទាល់ពីបរទេស បានកើនឡើងពី ១១០លានដុល្លារអាម៉េរិក នៅឆ្នាំ២០០០ រហូតដល់ ៤,៩ ពាន់លានដុល្លារ
អាម៉េរិក នៅឆ្នាំ២០២៣។
កម្ពុជាបានធ្វើកំណែទម្រង់គោលនយោបាយពាណិជ្ជកម្ម ច្បាប់និងលិខិតបទដ្ឋានគតិយុត្តនានា ដោយស្របទៅតាមការប្តេជ្ញាចិត្តនៅក្រោមអង្គការ WTO។ ជាក់ស្ដែង រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់ និងវិសោធនកម្មច្បាប់ពាក់ព័ន្ធពាណិជ្ជកម្មជាច្រើន រួមមាន៖ ច្បាប់ស្ដីពីវិធានដើមកំណើតទំនិញ ច្បាប់ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម ច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្ដីពីការប្រកួតប្រជែង ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ច្បាប់ស្តីពីវិធានពាណិជ្ជកម្មនិងចុះបញ្ជីពាណិជ្ជកម្ម និងច្បាប់វិនិយោគថ្មី ជាដើម។
កម្ពុជាបានទាញយកឱកាសពីសមាជិកភាពអង្គការ WTO ដើម្បីធ្វើពិពិធកម្មទីផ្សារនាំចេញ ដែលពីមុន កម្ពុជាបានពឹងផ្អែកលើវិស័យមួយចំនួន ដូចជា សម្លៀកបំពាក់ និងវាយនភ័ណ្ឌ ប៉ុន្តែបច្ចុប្បន្ន កម្ពុជាបានពង្រីកទៅក្នុងវិស័យដទៃទៀត ដូចជា គ្រឿងអេឡិចត្រូនិក, ស្រូវនិងអង្ករ, កៅស៊ូ, គ្រាប់ស្វាយចន្ទី, ចេក, បន្ទះសូឡា និងកង់ ព្រមទាំងផលិតផលជាច្រើនទៀត។
កម្ពុជាទទួលបានកម្មវិធីជំនួយបច្ចេកទេស និងការកសាងសមត្ថភាពពីអង្គការ WTO និងអង្គការអន្តរជាតិនានា ដើម្បីជួយពង្រឹងគោលនយោបាយពាណិជ្ជកម្ម និងស្ថាប័ន ដែលបានធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពចូលរួមក្នុងការចរចាពាណិជ្ជកម្មអន្តរជាតិ និងការអនុវត្តកិច្ចព្រមព្រៀងអង្គការ WTO ឱ្យមានប្រសិទ្ធភាព។
សមាជិកភាពអង្គការ WTO បានអនុញ្ញាតឱ្យកម្ពុជា ចូលរួមនៅក្នុងការពិភាក្សាគោលនយោបាយពាណិជ្ជកម្មសកល និងការចរចានានា ដែលបានផ្តល់ឱ្យកម្ពុជានូវសំឡេងមួយក្នុងការរៀបចំវិធានពាណិជ្ជកម្មអន្តរជាតិ ដែលធានាដល់ការអភិវឌ្ឍសេដ្ឋកិច្ច។
ក្នុងនាមជាប្រទេសអភិឌ្ឍតិចតួច កម្ពុជាទទួលផលពីបទបញ្ញតិ្តទាក់ទងនឹងប្រព្រឹត្តិកម្មពិសេស និងដោយឡែក (Special and Differential Treatment-SDT) ដែលផ្តល់ភាពបត់បែនបន្ថែម ក្នុងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយចំនួន។ បន្ថែមលើនេះ កម្ពុជាទទួលបានច្រកចូលទីផ្សារដោយមិនជាប់ពន្ធគយនិងមិនជាប់កូតា (Duty-Free Quota-Free), កម្មវិធី EBA របស់សហភាពអឺរ៉ុប ដែលបានអនុញ្ញាតឱ្យកម្ពុជានាំចេញផលិតផលទាំងអស់ដោយរួចពន្ធ លើកលែងតែសព្វាវុធ និងគ្រឿងផ្ទុះ, ប្រព័ន្ធ GSP ពីសហរដ្ឋអាម៉េរិក ជាដើម៕