រដ្ឋខេត្តសៀមរាបនឹងរៀបចំក្បួនហែអបអរសាទរ ទិវាទេសចរណ៍ ពិភពលោក នៅថ្ងៃសុក្រនេះ
សៀមរាប៖ អង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិបានសហការជាមួយរដ្ឋបាលខេត្តនឹងរៀបចំក្បួនហែ អបអរសាទរ ទិវាទេសចរណ៍ ពិភពលោក ២០២៤ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៥:០០នាទីតទៅ ដោយចាប់ផ្តើមហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប។
រដ្ឋបាលខេត្តសៀមរាបបញ្ជាក់ថា ការចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោក តែងតែរៀបចំជារៀងរាល់ឆ្នាំនាថ្ងៃទី២៧ ខែកញ្ញា ដោយអង្គការទេសចរណ៍ ពិភពលោករបស់អង្គការសហប្រជាជាតិ និង លើកកំពស់ផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបប្រកបដោយការច្នៃប្រឌិត ដើម្បីបង្កើតបរិយាកាស ចូលរួមទាំងអស់គ្នាគ្រប់ភាគីពាក់ព័ន្ធ រដ្ឋ ឯកជន តាមទិសស្លោក “ទាំងអស់គ្នាដើម្បីទេចរណ៍ និងទេសចរណ៍ ដើម្បីទាំងអស់គ្នា”។
ចំពោះការក្បួនហែចេញមុខមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តសៀមរាប ដោយឆ្លងកាត់ផ្លូវសំខាន់ៗមួយចំនួនក្នុងក្រុង ដូចមានក្នុងផែនទីភ្ជាប់មកជាមួយខាងក្រោម។
បើតាមកម្មវិធីសំខាន់ៗ ដែលគ្រោងរៀបចំទិវាទេសចរណ៍ ពិភពលោក ២០២៤ នាថ្ងៃទី២៧ ខែកញ្ញា រួមមាន ស្ដង់បង្ហាញម្ហូបខ្មែរ សម្ដែងសិល្បៈ និងតន្រ្តីខ្មែរ ការបង្ហាញម៉ូតូ និងរថយន្តចាស់ៗ ក្បួនដង្ហែអបអរសាទរ។ ប្រធានបទសម្រាប់ទិវាទេសចរណ៍ពិភពលោកឆ្នាំនេះគឺ «ទេសចរណ៍ និងសន្ដិភាព»។
នៅក្នុងកិច្ចប្រជុំត្រៀមសម្រាប់រៀបចំទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០២៤ នៅរដ្ឋបាលខេត្តសៀមរាប នាព្រឹកថ្ងៃទី៤ ខែកញ្ញា អភិបាលរងខេត្តសៀមរាប លោក ង៉ូវ សេងកាក់ ស្នើឱ្យប្រតិបត្តិករទាំងអស់ចូលរួម ដើម្បីឱ្យទិវាទេសចរណ៍ពិភពលោក ២៧ កញ្ញា ក្លាយជាព្រឹត្តិការណ៍ស្ថិតក្នុងការចងចាំរបស់ភ្ញៀវទេសចរ។
លោក សេងកាត់ បាននិយាយបែបនេះ ដោយបានបន្ថែមថា « រៀងរាល់ឆ្នាំក្នុងខែកញ្ញា គឺយើងមានការបញ្ចុះតម្លៃពិសេស សេវាស្នាក់នៅ ម្ហូបអាហារ ដឹកជញ្ចូន និងសេវាកម្មមគ្គុទ្ទេសក៍ផងដែរ ដើម្បីរួមគ្នាជាកញ្ចប់មួយ ទោះឆ្នាំនេះយើងធ្វើក្នុងកម្រិតណាមួយក៏ដោយ ឆ្នាំបន្តបន្ទាប់នឹងរុញបន្តបន្ទាប់ទៀត ដើម្បីឱ្យការផ្សព្វផ្សាយកាន់តែទូលំទូលាយ»៕