ព្យុះទីហ្វុង Yagi នៅវៀតណាម បណ្តាលឱ្យមនុស្ស ២២៦ នាក់ស្លាប់
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលប្រទេសវៀតណាមបាននិយាយថា ចំនួនអ្នកស្លាប់នៅក្នុងប្រទេសវៀតណាមដោយសារព្យុះទីហ្វុង Yagi និងការបាក់ដី និងទឹកជំនន់ ឡើងដល់ ២២៦នាក់ កាលពីថ្ងៃព្រហស្បតិ៍ ខណៈសម្ពាធទឹកជំនន់បានធូរស្រាលនៅក្នុងរដ្ឋធានីហាណូយ។
ប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ កំពុងទទួលរងឥទ្ធិពលនៃព្យុះទីហ្វុង Yagi ដែលជាព្យុះដ៏ខ្លាំងបំផុតមកវាយលុកអាស៊ីក្នុងឆ្នាំនេះ ដែលបានបោកបក់នៅឆ្នេរសមុទ្រភាគឦសានរបស់ប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍។
ទីភ្នាក់ងារគ្រោះមហន្តរាយរបស់រដ្ឋាភិបាលប្រទេសវៀតណាមនេះបាននិយាយនៅក្នុងរបាយការណ៍មួយថា មនុស្សជាង ១០០ នាក់នៅតែបាត់ខ្លួន ខណៈមនុស្សប្រហែល ៨០០ នាក់បានរងរបួស។
ស្រុកជាច្រើនក្នុងរដ្ឋធានីហាណូយនៅតែជន់លិចកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែទីភ្នាក់ងារអាកាសធាតុនៅល្ងាចថ្ងៃដដែលបាននិយាយថាសម្ពាធទឹកជំនន់បានធូរស្រាល ខណៈដែលទឹកជំនន់ភ្លាមៗ និងការរអិលបាក់ដីនៅតែបន្តប៉ះពាល់ដល់តំបន់នៅទូទាំងប្រទេសវៀតណាមភាគខាងជើង។
អាជ្ញាធរបានជម្លៀសប្រជាជនរាប់ពាន់នាក់ដែលរស់នៅក្បែរទន្លេក្រហមហើម ខណៈទឹកបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល ២០ ឆ្នាំ។
ទីភ្នាក់ងារព្យាករណ៍អាកាសធាតុរបស់រដ្ឋាភិបាលបាននិយាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា ទឹកទន្លេបានឡើងដល់កំពូលនៅទីក្រុងហាណូយ ហើយចាប់ផ្តើមស្រកចុះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ភាគខាងជើងនៃទីក្រុងហាណូយ ការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរនៅតែប៉ះពាល់ដល់តំបន់មួយចំនួន៕