Gavi ត្រឡប់មកហ្វឹកហាត់ជាមួយ Barcelona វិញក្រោយអវត្តមានជិត ១០ខែ
ខ្សែបម្រើសញ្ជាតិអេស្ប៉ាញ កីឡាករ Gavi បានត្រលប់មកហ្វឹកហាត់ជាមួយក្រុមអ្នកមានបុណ្យ Barcelona វិញហើយ នៅថ្ងៃសុក្រនេះ បន្ទាប់ពីរបួសជង្គង់ (ACl) ដោយសម្រាក់ព្យាបាលជិត ១០ខែ។
Gavi បានទទួលការវះកាត់ជង្គង់ បន្ទាប់ពីរងរបួសក្នុងការប្រកួតជម្រុះ Euro 2024 របស់អេស្ប៉ាញ លើក្រុមហ្សកហ្ស៊ី កាលពីខែវិច្ឆិកា ឆ្នាំមុន ហើយបានខកខានការប្រកួតដែលនៅសល់ក្នុងរដូវកាលនេះ រួមជាមួយនឹងជ័យជម្នះរបស់អេស្ប៉ាញ នៅ Euros ផងដែរ។
យ៉ាងណា នៅថ្ងៃសុក្រនេះ Barcelona បានបង្ហោះវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន ដោយឃើញមានវត្តមានកីឡាករវ័យ ២០ឆ្នាំ ដែលកំពុងហ្វឹកហាត់ជាមួយក្រុម ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ Gavi មិនត្រូវបានគេរំពឹងថា នឹងត្រលប់មកលេងបានវិញនៅឡើយទេ ព្រោះមិនទាន់សះស្បើយ១០០ភាគរយ ខណៈការប្រកួតបន្ទាប់របស់ក្លឹប ត្រូវលេងទល់នឹងក្រុមកំពុងឡើងជើង Girona នៅថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ថា ក្រោមការដឹកនាំរបស់អ្នកចាត់ការថ្មី លោក Hansi Flick ក្រុម Barcelona បានចាប់ផ្តើមរដូវកាលដ៏ល្អឥតខ្ចោះ ដោយឈ្នះ ៤លើក ពីការប្រកួតចំនួន៤ ដែលធ្វើឱ្យពួកគេឈរនៅលើកំពូលតារាង LaLiga ដែលមានបួនពិន្ទុ នាំមុខក្រុមការពារតំណែងជើងឯក Real Madrid៕