Close

ក្រុមហ៊ុនកូរ៉េមួយចងវិនិយោគលើការបង្កើតប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃពុធ ទី១១ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
ក្រុមហ៊ុនកូរ៉េមួយចងវិនិយោគលើការបង្កើតប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជា ក្រុមហ៊ុនកូរ៉េមួយចងវិនិយោគលើការបង្កើតប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជា

កូរ៉េ៖ លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust បានបង្ហាញពីបំណងក្នុងការវិនិយោគលើម្រោងបង្កើតប្រព័ន្ធបរធនបាលកិច្ច ខណៈកាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកបានទៅធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា។

លោក សង្កត់ធ្ងន់ទៀតថា៖«នៅពេលនោះ ក្រុមហ៊ុនរបស់លោក មិនទាន់ឃើញមានការបានបង្កើតបរធនបាលកិច្ច នៅក្នុងប្រទេសកម្ពុជានៅឡើយនោះទេ។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនរបស់លោក គិតថាប្រទេសកម្ពុជាគួរបង្កើតប្រព័ន្ធបរធនបាលកិច្ចនេះ និងមានគម្រោងទៅវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ»។

លោក Oh Chang-seok ប្រធានក្រុមហ៊ុន Mugungwha Trust Co., Ltd. ដែលជាក្រុមហ៊ុនបរធនបាលកិច្ច រៀបចំ ថែទាំអគារទីក្រុង និងការអភិវឌ្ឍគម្រោងសាងសង់នានា បានបង្ហាញនូវចំណាប់អារម្មណ៍បែបនេះក្នុងពេលចូលជួបសម្ដែងការគួរសម សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជានៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

ក្រុមហ៊ុនកូរ៉េមួយចងវិនិយោគលើការបង្កើតប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជា

លោក បន្ថែមថា ៖«ប្រទេសកូរ៉េ បានបង្កើតបរធនបាលកិច្ច នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ ដោយយកគម្រូពីប្រទេសអឺរ៉ុប។ សព្វថ្ងៃនេះ វិស័យបរធនបាលកិច្ចនៅកូរ៉េ រីកចម្រើនជាងនៅអឺរ៉ុបទៅទៀត ហើយរួមចំណែកបានធ្វើឱ្យប្រទេសកូរ៉េ ប្រែក្លាយពី ប្រទេសក្រីក្រទៅជាប្រទេសអភិវឌ្ឍរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ ក្រុមហ៊ុនរបស់លោក ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបរធនបាលកិច្ច ចំនួន១៤ នៅប្រទេសកូរ៉េ និង ស្ថិតនៅក្នុងលំដាប់ខ្ពស់»

លោកប្រធានក្រុមហ៊ុន បានមានប្រសាសន៍ចង់ឱ្យសម្តេចតេជោ ប្រធានព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាលដឹកនាំដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រី អនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកបានទៅរួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗជាដើម។

ជាមួយគ្នានោះ លោកប្រធានក្រុមហ៊ុន គោរពសុំអនុសាសន៍ និងការណែនាំរបស់សម្តេចតេជោនៅក្នុងវិស័យបរធនបាលកិច្ចនេះ ដោយគិតថា ក្រុមហ៊ុនរបស់លោក អាចជាសសរដ៏រឹងមាំមួយសម្រាប់ការអភិវឌ្ឍប្រទេសកម្ពុជានិងតំបន់។ នៅក្នុងទិសដៅនេះ ក្រុមហ៊ុនរបស់លោក ត្រៀមរួចជាស្រេចក្នុងការសិក្សាអំពីប្រព័ន្ធច្បាប់ធនាគារ ហិរញ្ញវត្ថុរបស់កម្ពុជា និង សហការជាមួយក្រុមហ៊ុនឯកជនកម្ពុជាក្នុងការពង្រីកទីផ្សារបរធនបាលកិច្ច។

ក្រុមហ៊ុនកូរ៉េមួយចងវិនិយោគលើការបង្កើតប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជា

លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា «សព្វថ្ងៃ នៅកម្ពុជា ក្រុមហ៊ុនចំនួន៨ កំពុងធ្វើការនៅក្នុងប្រព័ន្ធបរធនបាលកិច្ច ហើយលោកចង់ចូលរួមចំណែកលើកតម្កើងប្រព័ន្ធសព្វថ្ងៃឱ្យដល់កម្រិតខ្ពស់បន្ថែមទៀត»។

ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណចំពោះលោកប្រធានក្រុមហ៊ុនដែលបានសម្តែងការចាប់អារម្មណ៍លើការទៅវិនិយោគក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ បានជម្រាបទៅលោកប្រធានក្រុមហ៊ុនថា ប្រព័ន្ធបរធនបាលកិច្ចនៅកម្ពុជាដែលត្រូវបានបង្កើតឡើងប៉ុន្មានឆ្នាំមុននេះ មិនទាន់ដំណើរការរលូនទេ។ ប្រព័ន្ធនេះ ដូចប្រព័ន្ធទីផ្សារមូលបត្រ ទោះបីជាបានបង្កើតទៅហើយក្តី គឺពុំមានដំណើរការដោយរលូននោះទេ គឺមានភាពរអាក់រអួលនៅឡើយ។

សម្តេចតេជោ បានមានប្រសាសន៍បន្តទៀតថា ក្រោយពីវិបត្តិសេដ្ឋកិច្ចអាស៊ីនៅឆ្នាំ ១៩៩៧ ធនាគារមួយចំនួននៅភ្នំពេញបានដូលរលំ ហើយរាជរដ្ឋាភិបាលបានរៀបចំប្រព័ន្ធធនាគារឡើងវិញ ដោយធានាដល់ធនាគារដែលនៅសេសសល់ តែមានភាពរឹងមាំ និងនៅបន្តមកដល់សព្វថ្ងៃនេះ។

សម្ដេចតេជោ បានបញ្ជាក់ថា សម្តេចមិននិយាយជំនួសរាជរដ្ឋាភិបាលកម្ពុជាទេ ក៏ប៉ុន្តែ សូមលើកទឹកចិត្តឱ្យក្រុមហ៊ុន សិក្សាលើទិដ្ឋភាពច្បាប់ដែលមានស្រាប់ និង ទៅចាប់ដៃគូជាមួយក្រុមហ៊ុនកម្ពុជាដែលមានច្បាប់អនុញ្ញាតរួច ហើយត្រូវធ្វើសកម្មភាពឱ្យសកម្ម។ ជាក់ស្តែង វិស័យបរធនបាលកិច្ច ក៏ដូចជាទីផ្សារមូលប័ត្រ ទាមទារនូវជំនឿទុកចិត្តផ្នែកសេដ្ឋកិច្ច។

សម្តេចតេជោ បានបន្ថែមថា អនុសាសន៍នេះ គឺដូចជា ក្រុមហ៊ុនរបស់លោក Oh Chang-seok ធ្វើដំណើរចូលក្នុងផ្លូវមួយ ដែលមានអ្នកដំណើររួចហើយ ហើយត្រូវធ្វើដំណើរជាមួយគេឯង កុំឱ្យគ្រោះថ្នាក់។ ប្រទេសកម្ពុជា ពិតជាមានតម្រូវការក្នុងវិស័យនេះដើម្បីទាក់ទាញការវិនិយោគបន្ថែមទៀត។ ជាមួយគ្នានេះផងដែរ សម្ដេចតេជោបាន ស្នើឱ្យក្រុមហ៊ុនទៅពិនិត្យមើលលើការវិនិយោគលើវិស័យផ្សេងទៀតក្រៅពីវិស័យបរធនបាលនេះ ។

លោកប្រធានក្រុមប្រឹក្សាភិបាល បានថ្លែងអំណរគុណ ចំពោះសម្តេចតេជោ និងអនុសាសន៍ណែនាំ។ លោកបានមានប្រសាសន៍ថា លោកនឹងបន្តឱ្យក្រុមការងារចុះទៅធ្វើការសិក្សាលម្អិត និងពិគ្រោះយោបល់ជាមួយដៃគូកម្ពុជា និងពិនិត្យមើលការវិនិយោគនៅក្នុងវិស័យផ្សេងៗទៀត។

លោកប្រធានក្រុមហ៊ុនមើលឃើញពីបរិយាកាសល្អរបស់កម្ពុជាសម្រាប់ការធ្វើវិនិយោគ ពីព្រោះកម្ពុជាមានសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ។ ម្យ៉ាងទៀត កម្ពុជា និងកូរ៉េមានទំនាក់ទំនងល្អនឹងគ្នា និងកិច្ចសហប្រតិបត្តិការគ្នាល្អប្រសើរ៕