Close

កម្ពុជា និង JICA ពិភាក្សាគម្រោងអាទិភាពក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ ព័ត៌មានជាតិ
កម្ពុជា និង JICA ពិភាក្សាគម្រោងអាទិភាពក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា កម្ពុជា និង JICA ពិភាក្សាគម្រោងអាទិភាពក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា

ភ្នំពេញ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៤ បានទទួលជួបពិភាក្សាការងារជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដោយមានចូលរួមពីប្រធាននាយកដ្ឋានផ្លូវថ្នល់ មន្ត្រីបច្ចេកទេស និងជំនាញការ ស្តីពីគម្រោងអាទិភាពក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា។

កិច្ចពិភាក្សានេះបានផ្តោតលើការសិក្សាដើម្បីធ្វើឱ្យប្រសើរឡើងនូវលំហូរចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ ១ ការសាងសង់ស្ពានបន្ថែម ការសាងសង់ស្ពានអាកាស ការពង្រីកផ្លូវបន្ថែម និងការគិតគូររៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថិតតាមបណ្តោយកំណាត់ផ្លូវជាតិលេខ ១ សម្រាប់ពេលអនាគត។

កម្ពុជា និង JICAពិភាក្សាគម្រោងអាទិភាពក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា

ភាគីជប៉ុនដែលតំណាងដោយ JICA បានចុះសិក្សា និងប្រមូលព័ត៌មានជាធាតុចូល និងបានលើកឡើងនូវគម្រោងអាទិភាពមួយចំនួនដាក់ជូនក្រសួង ដើម្បីពិនិត្យពិភាក្សា និងសម្រេចយកគម្រោងអាទិភាពដែលសមស្រប ឆ្លើយតបនឹងស្ថានភាពបច្ចុប្បន្ន និងសម្រាប់ពេលខាងមុខ។

លោក រដ្ឋលេខាធិការបានសម្តែងនូវការកោតសរសើរចំពោះកិច្ចសហការ និងការជួយជ្រោមជ្រែងរបស់ជប៉ុនមកដល់កម្ពុជាហើយចំពោះគម្រោងអាទិភាពដែល JICA លើកឡើង ក្រសួងនឹងធ្វើការពិនិត្យទៅតាមលក្ខខណ្ឌបច្ចេកទេស ដើម្បីកាត់បន្ថយការប៉ះពាល់ ការរំខានដល់ប្រជាពលរដ្ឋ និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីធ្វើការឆ្លើយតបត្រឡប់ទៅវិញ៕

កម្ពុជា និង JICAពិភាក្សាគម្រោងអាទិភាពក្នុងរបៀងសេដ្ឋកិច្ចភាគខាងត្បូងរបស់ប្រទេសកម្ពុជា