អ្នកជំនាញបន្តជួសជុលជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច
សៀមរាប៖ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (កិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក World Monument Fund) របស់សហរដ្ឋអាមេរិក បន្តការងារជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។
លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទភ្នំបាខែង ឱ្យដឹងថា ជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង រងការខូចខាតស្ទើរតែ៩០ភាគរយ។ ពិសេស នៅត្រង់ចំណុចកាច់ជ្រុង ធ្វើឱ្យប្រាសាទរណបបាត់បង់ថ្មស្ទើរតែទាំងស្រុង ហើយកម្រាល និងជញ្ជាំងបានខូចខាតបាត់បង់ថ្មមួយផ្នែកធំ។
លោក បន្តថា ការខូចខាតបណ្តាលមកពីអាយុកាល និងធម្មជាតិ បណ្ដាលឱ្យឬសឈើដុះចាក់តាមកន្លៀតថ្មភ្នំនិងថ្មជញ្ជាំង ទឹកភ្លៀងហូរច្រោះ ថ្មភ្នំពុកផុយ ព្រមទាំងថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។ ការងារជួសជុលផ្នែករួតទី២នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។
លោក ជីវ ភារម្យ បញ្ជាក់ទៀតថា ការងារជួសជុលរចនាសម្ពន្ធប្រាសាទភ្នំបាខែង ជ្រុងខាងត្បូងឆៀងខាងលិច គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ ដែលជួសជុលសម្រេចនូវប្រាសាទរណបចំនួន៤ និង ជួសជុលជណ្តើរទាំង៥ថ្នាក់ សម្រេចបាន៩០ភាគរយ។
ជាមួយគ្នានោះដែរ ក៏បានជួសជុលកម្រាលនៅតាមរួតទី៣ និងទី៤ សម្រេចបាន៣០ភាគរយ។ ដោយឡែក ក៏បានជួសជុលជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ សម្រេចបាន៨០ភាគរយ៕