រដ្ឋមន្ត្រីកសិកម្មលើកទឹកចិត្តឱ្យសហគមន៍កសិកម្មតាសីសាមគ្គី ប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប
បាត់ដំបង៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានលើកទឹកចិត្តឱ្យសហគមន៍កសិកម្ម តាសីសាមគ្គី ដែលមានទីតាំងនៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង ប្រែក្លាយខ្លួនទៅជាសហគមន៍កសិកម្មទំនើប។
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានលើកទឹកចិត្តបែបនេះនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤ ក្នុងគ្រាដែល ឯកឧត្តម និងថ្នាក់ដឹកនាំនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញធ្វើទស្សនកិច្ច និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មតាសីសាមគ្គី ដែលមានទីតាំងខាងលើ ។
បន្ទាប់ពីបានទស្សនាផលិតកម្មបន្លែ និងហេដ្ឋារចនាសម្ព័ន្ធដែលសហគមន៍មានរួចមក ឯកឧត្តមរដ្ឋមន្ដ្រី អមដោយថ្នាក់ដឹកនាំក្រសួង បានជួបសំណេះសំណាលជាមួយសមាជិកសហគមន៍។ ឯកឧត្តមរដ្ឋមន្ដ្រីបានអបអរសាទរចំពោះសមិទ្ធផលដែលសហគមន៍សម្រេចបានកន្លងមក។
យ៉ាងណាក៏ដោយ ប្រឈមនឹងបញ្ហាមួយចំនួនដែលសហគមន៍ជួបប្រទះ ឯកឧត្តមរដ្ឋមន្ដ្រីបានលើកទឹកចិត្តដល់សមាជិកសហគមន៍ ពិចារណាចងក្រងនិងបំប្លែងសហគមន៍ដែលមានស្រាប់នេះ ទៅជាសហគមន៍កសិកម្មទំនើប ដែលនឹងទទួលបានការគាំទ្រផ្នែកទុន បច្ចេកទេស និងទីផ្សារ ពីសំណាក់ក្រសួង។
តបតាមសំណើរបស់សហគមន៍កសិកម្មតាសីសាមគ្គី ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានអញ្ជើញដាំដើមស្រឡៅមួយដើម ទុកជាអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចប្រកបដោយផ្លែផ្កានេះ ក្រោមការអបអរសាទរនិងស្នាមញញឹមរបស់សមាជិកសហគមន៍ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញរបស់ក្រសួងជាច្រើនរូប៕
សហគមន៍កសិកម្មតាសីសាមគ្គី មានសមាជិកសរុបចំនួន ១៦២នាក់ ដែលផលិតបន្លែសុវត្ថិភាពនៅលើផ្ទៃដីសរុបចំនួន ៥០ហិកតា សម្រាប់ចែកចាយទៅកាន់ទីផ្សារនៅក្នុងខេត្តបាត់ដំបងផង និងខេត្តដទៃទៀតផង។ ក្រៅពីការងារផលិតនិងចែកចាយបន្លែសុវត្ថិភាព សហគមន៍កសិកម្មតាសីសាមគ្គីក៏ផ្ដល់ការគាំទ្របច្ចេកទេសកសិកម្មដល់កសិករដែលនៅក្រៅសហគមន៍ អង្គការ និងកសិដ្ឋាននានា។
លោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា សហគមន៍នេះបានធ្វើការចំនួន៤-៥ដង ជាមួយក្រុមការងារអភិវឌ្ឍន៍សហគមន៍រួចមកហើយ។
លោក បន្ថែមថា ទោះបីជាសហគមន៍កសិកម្មខ្លាំងស្រេច នៅមានបញ្ហាប្រឈមជាច្រើនទៀតដែលសហគមន៍កំពុងតែជួបប្រទះ និងអាចដោះស្រាយបានតាមរយៈយន្តការសហគមន៍ទំនើប ដូចជា៖ ថ្លៃដើមផលិតខ្ពស់ គុណភាពមិនទាន់មានស្តង់ដាតែមួយ ជាពិសេស បរិមាណផ្គត់ផ្គងមិនមានស្ថេរភាព ដែលជាហេតុធ្វើឱ្យការធ្វើផលិតកម្មតាមកិច្ចសន្យាក្នុងទំហំធំមិនអាចធ្វើទៅរួច។
ការធ្វើផលិតកម្មរួមគ្នានៃសហគមន៍កសិកម្មទំនើប ក្នុងទំហំមានសេដ្ឋកិច្ចមាត្រាដ្ឋាន ក្រោមការគ្រប់គ្រងច្បាស់លាស់មួយ និងការបែងចែកភាគលាភត្រលប់ទៅដល់សមាជិកនីមួុយៗវិញប្រកបដោយតម្លាភាពនិងសមធម៌ នឹងអាចដោះស្រាយបញ្ហាប្រឈមទាំងនេះបាន៕