Darwin Nunez ត្រូវបានពិន័យព្យួរ ៥ប្រកួត និងពិន័យជាប្រាក់ ២ម៉ីនដុល្លារ ក្នុងការប៉ះទង្គិចជាមួយអ្នកគាំទ្រ នៅ Copa America

(បាល់ទាត់)៖ ខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរូហ្គាយ កីឡាករ Darwin Nunez ត្រូវបានហាមប្រាមមិនអោយប្រកួតអន្តរជាតិចំនួន៥ប្រកួត និងពិន័យជាប្រាក់ចំនួន ២ម៉ីនដុល្លារ សម្រាប់ការចូលរួមក្នុងការប៉ះទង្គិចជាមួយអ្នកគាំទ្រ បន្ទាប់ពីអ៊ុយរូហ្គាយ ចាញ់ Copa America ក្រោមស្នាដៃកូឡុំប៊ី កាលពីខែកក្កដា។ នេះបើតាមសេចក្ដីប្រកាសរបស់គណៈគ្រប់គ្រងបាល់ទាត់អាមេរិកខាងត្បូងបាននិយាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ការប៉ះទង្គិចជាមួយអ្នកគាំទ្រ កាលពីខែខែកក្កដា ក៏មានកីឡាករមួយចំនួនទៀតផងដែរ ហើយពួកគេក៏ត្រូវបានព្យួរផងដែរ ដោយ Rodrigo Bentancur ត្រូវបានហាមប្រាមចំនួន៤ប្រកួត ខណៈដែល Ronald Araujo, Jose Maria Gimenez និង Mathias Olivera ម្នាក់ៗទទួលបានការព្យួរ៣ប្រកួត។
ជាមួយគ្នានេះ សហព័ន្ធកីឡាបាល់ទាត់អ៊ុយរូហ្គាយ ក៏ត្រូវបានពិន័យជាប្រាក់ចំនួន ២០,000 ដុល្លារផងដែរ ហើយកីឡាករសរុបចំនួន ១១នាក់ ត្រូវបានពិន័យចំពោះការជាប់ពាក់ព័ន្ធក្នុងជម្លោះនេះ។ Nunez ត្រូវបានពិន័យ ២០,000 ដុល្លារ, Bentancur ១៦,000 ដុល្លារ និង Araujo, Olivera, និង Gimenez ១២,000 ដុល្លារ ក្នុងម្នាក់ៗ។
ដូច្នេះ មានន័យថា កីឡាករទាំងនោះ នឹងត្រូវពិន័យ នៅក្នុងការប្រកួតផ្លូវការបន្ទាប់របស់អ៊ុយរូហ្គាយ ក្នុងវគ្គជម្រុះ World Cup 2026 របស់ពួកគេ។ ពួកគេប្រឈមមុខនឹងប៉ារ៉ាហ្គាយ និង វេណេស៊ុយអេឡា ក្នុងខែកញ្ញា, ប៉ះ ប្រទេសប៉េរូ និងអេក្វាឌ័រ ក្នុងខែតុលា, កូឡុំប៊ី និងប្រេស៊ីល ក្នុងខែវិច្ឆិកា។
គួររំលឹកថា បន្ទាប់ពីកូឡុំប៊ី បានយកឈ្នះ ១-0 ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa កីឡាករអ៊ុយរូហ្គាយ បានឡើងទៅកាន់កន្លែងអង្គុយទស្សនា ហើយបានវាយបកជាមួយអ្នកគាំទ្រក្រុមប្រឆាំង។ មូលហេតុដែល កីឡាករអ៊ុយរូហ្គាយ ធ្វើបែបនេះ គឺដោយសារអ្នកគាំទ្រកូឡុំប៊ីមួយផ្នែក ដែលស្រវឹង បានវាយប្រហារគ្រួសាររបស់កីឡាករអ៊ុយរូហ្គាយ Nunez ដែលអង្គុយជិតគ្នា៕