អ៊ីស្រាអែល និងក្រុម Hezbollah បន្តបើកការប្រយុទ្ធគ្នាជាថ្មីនៅថ្ងៃចន្ទម្សិលមិញ
បរទេស៖ បន្ទាប់ពីមានភាពស្ងប់ស្ងាត់មួយរយៈពេលខ្លី ក្រោយមានការវាយប្រហារគ្នាយ៉ាងចាស់ដៃរវាងប្រទេសអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធលីបង់ Hezbollah, ការប្រយុទ្ធថ្មីមួយបានបន្តឡើងវិញនៅថ្ងៃចន្ទម្សិលមិញ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ និងសាក្សីឃើញផ្ទាល់ភ្នែកបានរាយការណ៍ថា ការវាយប្រហាររបស់ប្រទេសអ៊ីស្រាអែលបានចំគោលដៅភូមិ Tair Harfa ស្ថិតនៅព្រំដែនប្រទេសលីបង់ និងទីក្រុងមួយនៃឆ្នេរសមុទ្រ Sidon កាលពីរសៀលថ្ងៃចន្ទ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរបស់ប្រទេសលីបង់បានរាយការណ៍ថា បុរសម្នាក់មកពីអង្គការប៉ាឡេស្ទីន បានរួចជីវិតពីការវាយប្រហារនោះ។ ក្រៅពីការវាយប្រហារលើសមាជិក Hezbollah ប្រទេសអ៊ីស្រាអែលម្តងម្កាលបានវាយប្រហារសមាជិកក្រុមហាម៉ាស និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនផ្សេងទៀតនៅក្នុងប្រទេសលីបង់។
ទោះជាយ៉ាងណា មិនទាន់មានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់និងរបួសផ្សេងទៀតនៅឡើយទេ រហូតមកទល់ពេលនេះ ។ ជាមួយគ្នានោះ នៅរសៀលថ្ងៃច័ន្ទម្សិលមិញនេះ ក្រុម Hezbollah បានប្រកាសថា ខ្លួនបានវាយបកចំគោលដៅលើឧបករណ៍ឃ្លាំមើលយោធានៅភាគខាងជើងប្រទេសអ៊ីស្រាអែល ជាមួយនឹងយន្តហោះគ្មានមនុស្សបើក។
កាលពីថ្ងៃអាទិត្យ ប្រទេសអ៊ីស្រាអែលបានបើកការវាយប្រហាររាប់សិបលើកទៅលើភាគខាងត្បូងប្រទេសលីបង់ ដែលខ្លួនបានពិពណ៌នាថាជាប្រតិបត្តិការបង្ការទុកជាមុន ដើម្បីបញ្ចៀសការវាយប្រហារដ៏ធំមួយដែលបានគ្រោងទុកដោយក្រុម Hezbollah ដែលប្រកាសថាជាការសងសឹកចំពោះការសម្លាប់មេបញ្ជាការកំពូលមួយរូបគឺលោក Fouad Shukur នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅទីក្រុង Beirut តាំងពី ខែមុន។
មិនយូរប៉ុន្មាន ក្រុម Hezbollah បានបើកការរារាំង យន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតរាប់រយដើម្បីជាការសងសឹកចំពោះការសម្លាប់ លោក Shukur ដែលជាមេដឹកនាំរបស់ខ្លួន ។ មេដឹកនាំក្រុម Hezbollah លោក Hassan Nasrallah បានអះអាងថា យន្តហោះគ្មានមនុស្សបើកបានវាយប្រហារទីតាំងស៊ើបការណ៍យោធាប្រទេសអ៊ីស្រាអែល នៅជិតទីក្រុង Tel Aviv ។
ទោះជាយ៉ាងណាប្រទេសអ៊ីស្រាអែលបាននិយាយថា គ្មានគោលដៅយោធាត្រូវបានវាយប្រហារទេ។ ហើយក៏មិនមានភស្តុតាងដែរ៕