អ្នកចាំទីដៃស្អិត Thibaut Courtois បដិសេដមិនលេងឲ្យក្រុមជម្រើសជាតិរបស់ខ្លួនឡើយ ដរាបណាគ្រូបង្វឹក Tedesco បន្តដឹកនាំ

អ្នកចាំទី Thibaut Courtois របស់ក្លឹបអធិរាជស Real Madrid បានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងមិនលេងឱ្យក្រុមជម្រើសជាតិបែលហ្សិក ក្រោមការដឹកនាំរបស់គ្រូបង្វឹកបច្ចុប្បន្ន លោក Domenico Tedesco ទៀតទេ។
អ្នកចាំទី Courtois ដែលត្រូវបានគេចាត់ទុក ថាជាអ្នកចាំទីល្អបំផុតក្នុងពិភពលោក ត្រូវបានគេចាកចេញពីក្រុមជម្រើសជាតិបែលហ្សិក សម្រាប់ការប្រកួតពានរង្វាន់អឺរ៉ុប ហើយត្រូវបានជំនួស អ្នកចាំទី Koen Casteels បន្ទាប់ពីមានជម្លោះជាមួយ លោក Tedesco កាលពីឆ្នាំមុន។
អ្នកចាំទីវ័យ ៣២ឆ្នាំ Thibaut Courtois បានបង្ហោះក្នុងគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ថា ៖«ខ្ញុំមានអារម្មណ៍ថា មានកិត្តិយសណាស់ក្នុងការពាក់អាវជម្រើសជាតិ ខ្ញុំក៏មិននឹកស្មានថា អាចធ្វើលេងបានច្រើនជាង ១០០ដងនោះដែរ។ ជាអកុសល បន្ទាប់ពីបញ្ហាជាមួយគ្រូបង្វឹក ហើយបន្ទាប់ពីការឆ្លុះបញ្ចាំងជាច្រើន ខ្ញុំបានសម្រេចចិត្តមិនត្រលប់ទៅក្រុមជម្រើសជាតិបែលហ្ស៊ិកវិញ ក្រោមការគ្រប់គ្រងរបស់ Domenico Tedesco ទេ»។
អតីតអ្នកចាំទី Chelsea និង At Madrid រូបនេះបានបន្តថា៖«”នៅក្នុងបញ្ហានេះ ខ្ញុំទទួលយកចំណែកនៃការទទួលខុសត្រូវរបស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនអាចធ្វើការជាមួយគាត់បានទេ។ ខ្ញុំសោកស្តាយ ដែលអាចធ្វើឱ្យអ្នកគាំទ្រមួយចំនួនខកចិត្ត ប៉ុន្តែខ្ញុំជឿជាក់ថា នេះគឺជាសកម្មភាពដ៏ល្អបំផុតសម្រាប់បែលហ្ស៊ិក ព្រោះមិនមានការជជែកពិភាក្សា និងអនុញ្ញាតឱ្យក្រុមផ្តោតលើការបន្តគោលដៅរបស់ខ្លួន។ សូមអរគុណសម្រាប់ការគាំទ្រ និងក្តីស្រឡាញ់ របស់អ្នកទាំងអស់គ្នា»។
ជុំវិញស្ថានភាពបែបនេះ ចំពោះលោក Tedesco ត្រូវបានចោទជាសំណួរ ថាតើមានភាពត្រឹមត្រូវសម្រាប់ការងារនេះ ឬអត់ បន្ទាប់ពីក្រុមប៊ែលហ្ស៊ិក ត្រូវបានក្រុមបារាំង ទម្លាក់ចេញក្នុងវគ្គ ១៦ក្រុម នៅពាន Euro 2024 ដ្បិតលោកបានចូលកាន់តួនាទីនេះកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ខណៈអ្នកចាំទី Courtois ធ្លាប់រួមចំណែកជួយក្រុមចំនួន ១៣ឆ្នាំកន្លងមក ទាំងក្នុងពានអឺរ៉ុប និងកម្រិតពិភពលោក
លោក Domenico Tedesco បានចាប់ផ្តើមកាន់តំណែងរបស់គាត់ នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២៣ ហើយបានចុះហត្ថលេខាលើកិច្ចសន្យាបន្តមុនពេលចាប់ផ្តើមនៃអឺរ៉ូ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមដែលបានចំណាយពេលជិត៣ ឆ្នាំ នៅលើកំពូលតារាងចំណាត់ថ្នាក់ពិភពលោក និងឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០១៨ ហាក់មិនទទួលបានលទ្ធផលល្អឡើយ ក្រោមការដឹកនាំរបស់លោក Tedesco ។
គួររំលឹកថា Courtois បានខឹងសម្បារកាលពីមួយឆ្នាំមុនជាមួយលោក Tedesco ដែលជាគ្រូបង្វឹកដែលបានចូលដឹកនាំក្រុមជម្រើសជាតិបែលហ្ស៊ិក បន្ទាប់ពីការចាកចេញរបស់ Roberto Martinez សម្រាប់កាយវិការដែលអ្នកចាំទីយល់ថា ជាការប្រមាថដល់ឋានានុក្រមរបស់គាត់ បានចាកចេញពីជំរុំហ្វឹកហាត់ ហើយចាប់តាំងពីពេលនោះមក ភាពតានតឹងរវាងអ្នកទាំង ពីរមិនថយចុះទេ។
គួរបញ្ជាក់ថា Thibaut Courtois បានបង្ហាញខ្លួនអោយក្រុមជម្រើសជាតិបែលហ្ស៊ីក តាំងពីឆ្នាំ ២០១១ មកម្លេះ ដោយបានបង្ហាញខ្លួនសរុបបាន១០២ដង៕