Phil Foden ជាប់ឈ្មោះជាកីឡាករល្អប្រចាំរបស់ Premier League ខណៈ Cole Palmer ក្លាយជាកីឡាករក្មេងល្អប្រចាំឆ្នាំ
កាលពីយប់មិញនេះ សមាគមកីឡាបាល់ទាត់អង់គ្លេស ហៅកាត់ថា PFA បានប្រកាសពីកីឡាករឆ្នើមប្រចាំរដូវកាល ២០២៣-២៤ ដោយកីឡាករ Phil Foden របស់មេឃខៀវ Manchester City ឈ្នះពានកីឡាករឆ្នើមប្រចាំឆ្នាំ(Premier League best player of the Year ) ខណៈ Cole Palmer របស់តោខៀវ Chelsea ឈ្នះពានកីឡាករក្មេងល្អប្រចាំឆ្នាំ (PFA Young Player of the Year)។
សម្រាប់ក្រុមកីឡាករល្អប្រចាំ ឬ Premier League Team of the Year 2023-24 គេសង្កេតឃើញថា ក្រុមជើងឯក Man City មានកីឡាករ ៤នាក់ និងក្រុមកាំភ្នើងធំ Arsenal ដែលជាជើងឯករង មានកីឡាករ ៥ នាក់ ខណៈកីឡាកររបស់ Liverpool និង Aston Villa មានម្នាក់ដូចគ្នា។ កីឡាករទាំងនោះមានដូចជា៖ Kyle Walker, Rodri, Phil Foden Erling Haaland, David Raya, William Saliba, Gabriel Magalhaes, Declan Rice, Martin Odeegard, Virgil van Dijk និង Ollie Watkins។
នៅឯពិធីប្រគល់ពានរង្វាន់ PFA នៅទីក្រុង Manchester កាលពីម្សិលមិញ Foden ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំ។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ បានបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបាន ៨ដង និងស៊ុតបញ្ចូលទីបាន ១៩គ្រាប់ ក្នុងការបង្ហាញខ្លួន ៣៥ប្រកួត ហើយជាកីឡាករដ៏សំខាន់ក្នុងការជួយ Man City ឈ្នះជើងឯក Premier League ៤ដងជាប់ៗគ្នា។
Foden ក្លាយជាកីឡាករ៤ របស់ Man City ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះដែលឈ្នះពានរង្វាន់បុគ្គលនេះ បន្ទាប់ពី Kevin de Bruyne ធ្លាប់ឈ្នះនៅឆ្នាំ ២០២០ និង ២០២១ ក៏ដូចជា Erling Haaland ក្នុងឆ្នាំ ២០២៣។
ទន្ទឹមនឹងនេះដែរ Cole Palmer ត្រូវបានជាប់ឈ្មោះជា PFA Young Player of the Year ។ ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះ ត្រូវបាន Chelsea ចុះហត្ថលេខាក្នុងតម្លៃ ៥០លានដុល្លារ ពី Man City ដោយស៊ុតបញ្ចូលទីបាន ២២ គ្រាប់ និង assist បាន ១១គ្រាប់ ក្នុង ៣៣ប្រកួត៕