ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ សន្យាដោះស្រាយបញ្ហាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់រមណីយដ្ឋានអង្គរ ឱ្យបានផលប្រយោជន៍ផងនិងការពារប្រាសាទផង
សៀមរាប៖ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម សាយ សំអាល់ សន្យានឹងប្រឹងប្រែងដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋជាច្រើន ដែលកំពុងតែរស់នៅក្នុងតំបន់ការពាររមណីយដ្ឋានអង្គរ ឱ្យទទួលបានផលប្រយោជន៍ជាមួយជីវភាពប្រសើរផង និងការពារនូវប្រាសាទបុរាណនានា ដែលជាកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ ឱ្យគង់វង្សនិងមានតម្លៃលេចធ្លោជាសកលនៅលើពិភពលោកផង។
ថ្លែងក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការគ្រប់គ្រងតំបន់រមណីយដ្ឋានបេតិកភណ្ឌពិភពលោក អង្គរ នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សាយ សំអាល់ បានទទួលស្គាល់ថាការរៀបចំដើម្បីការពាររមណីយដ្ឋានអង្គរ គឺមានបញ្ហាជាច្រើនជាមួយនិងប្រជាពលរដ្ឋខ្លះ ដែលរស់នៅក្នុងតំបន់ការពារទាំងនោះ។ ក៏ប៉ុន្តែទោះបីជាយ៉ាងណា គឺត្រូវតែការពារប្រាសាទបុរាណទាំងឡាយ ដែលជាកេរ្តិ៍មត៌ដូនតាខ្មែរឱ្យបានគង់វង្សបានយូរអង្វែង និងមានសោភ័ណភាព។
ជាមួយនឹងបញ្ហានេះ ឯកឧត្តមបានសុំពេលមួយរយៈ ដើម្បីដោះស្រាយចំពោះបញ្ហាប្រឈមនានានៅក្នុងតំបន់រមណីយដ្ឋានអង្គរ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋអាចទទួលបានផលប្រយោជន៍ផង ហើយកិច្ចការពារតំបន់អង្គរឱ្យមានប្រសិទ្ធភាព ក្នុងការទប់ស្កាត់ការរុករានដីធ្លីនិងការរីករាលដាលនៃសំណង់ខុសច្បាប់ ក្នុងតំបន់ការពារបេតិកភណ្ឌរបស់ពិភពលោក បានដោយជោគជ័យផង។
សូមជម្រាបថា បច្ចុប្បន្ននៅក្នុងតំបន់រមណីយដ្ឋានអង្គរ ដែលគ្រប់គ្រងដោយអាជ្ញាធរអប្សរា គឺតែងតែអនុវត្តន៍ច្បាប់ជាប្រចាំលើការទប់ស្កាត់ការទន្ទ្រានដីធ្លីធ្វើជាកម្មសិទ្ធិឯកជន និងទប់ស្កាត់ការកើនឡើងនូវសំណង់ខុសច្បាប់មិនឱ្យរីករាលដាល។ ក៏ប៉ុន្តែជាញឹកញាប់ប្រជាពលរដ្ឋខ្លះ តែងបង្ហាញការមិនសប្បាយចិត្ត ជាមួយវិធានការរបស់អាជ្ញាធរជាតិអប្សរាទេ ដោយសារតែពេលពួកគាត់ចង់សាងសង់ផ្ទះបន្ថែម ការធ្វើរបងការពារផលដំណាំនិងធ្វើ ផ្លូវចូលផ្ទះមិនបានជាដើម៕