រដ្ឋកំពុងបង្កើនភាពងាយស្រួលជូនដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ មន្ត្រីរាជរដ្ឋាភិបាលបានបើកកិច្ចប្រជុំពិភាក្សាធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធបច្ចេកវិទ្យារបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័ន ដើម្បី បង្កើនភាពងាយស្រួលជូនដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងនៅថ្ងៃទី ១៣ ខែសីហា ឆ្នាំ ២០២៤ ក្រោមការដឹកនាំឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងរដ្ឋមន្ត្រី ព្រមទាំងមន្ត្រីពាក់ព័ន្ធ ។
បើតាមឯកឧត្តម ស៊ុន ចាន់ថុល កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យលទ្ធភាពបង្កើនភាពងាយស្រួលជូនដល់វិនិយោគិនដែលមានបំណងមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ពិសេសផ្តល់ភាពងាយស្រួលដល់ក្រសួង-ស្ថាប័នសាម៉ីក្នុងការគ្រប់គ្រង និងបង្កើនប្រសិទ្ធភាពធ្វើបច្ចុប្បន្នភាពទិន្នន័យទាក់ទងនឹងកិច្ចការវិនិយោគ តាមរយៈការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក រវាងប្រព័ន្ធរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយប្រព័ន្ធរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធ។
ថ្លែងក្នុងឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ វត្តមានរបស់ថ្នាក់ដឹកនាំនៃតំណាងឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចំណាយពេលវេលាចូលរួមប្រជុំពិភាក្សានាព្រឹកនេះ។ ការចូលរួមរបស់អន្តរក្រសួង-ស្ថាប័នពាក់ព័ន្ធបានឆ្លុះបញ្ចាំងអំពីការចូលរួមយ៉ាងផុសផុល គាំទ្រការអនុវត្តផែនការជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ក្នុងការបង្កើនប្រសិទ្ធភាពក្នុងការទាក់ទាញវិនិយោគិនដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ ពិសេសការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រួលដល់ការទាក់ទាញវិនិយោគិន។
ក្នុងអង្គប្រជុំនេះ ឯកឧត្តម លោកជំទាវ ជាសមាជិក-សមាជិកាទាំងអស់បានចូលរួមពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុសផុល និងឯកភាពគាំទ្រលើការរៀបចំប្រព័ន្ធបច្ចេកវិទ្យាថ្មីរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុលោមតាមច្បាប់ស្ដីពីវិនិយោគនៃព្រះជាណាចក្រកម្ពុជា ពិសេសក្រសួង-ស្ថាប័នពាក់ព័ន្ធនឹងចូលរួមសហការឱ្យបានស្អិតរមួតក្នុងការធ្វើសន្ធានកម្មតភ្ជាប់ប្រព័ន្ធចែករំលែកទិន្នន័យទៅវិញទៅមក សំដៅយ៉ាងណាសម្រេចឱ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បង្កភាពងាយស្រួលជាអតិបរិមាជូនដល់វិនិយោគិនដែលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា៕