ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមួយចាប់អារម្មណ៍លើការវិនិយោគនៅកម្ពុជា
ភ្នំពេញ៖ លោក Xu Hui អគ្គនាយករងគ្រប់គ្រងទូទៅ ក្រុមហ៊ុន Chery Holding Group Co., Ltd. ចាប់អារម្មណ៍លើការវិនិយោគលើវិស័យយានយន្ត នៅកម្ពុជា។ ការចាប់អារម្មណ៍នេះ ធ្វើឡើងក្នុងពេលចូលជួប សម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅវិមានសន្តិភាពនាថ្ងៃទី៩ សីហា ២០២៤។
ក្រុមហ៊ុន Chery Holding Group ជាក្រុមហ៊ុនយក្សក្នុងវិស័យឧស្សាហកម្មផលិតរថយន្ត ដោយប្រើប្រាស់បច្ចេកវិទ្យាខ្ពស់របស់ប្រទេសចិន ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧។
ក្រុមហ៊ុនបានចាប់អារម្មណ៍លើការវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា ពិសេសវិស័យឧស្សាហកម្មយានយន្ត និងគ្រឿងបន្លាស់ ដែលនឹងចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច បង្កើតឱកាសការងារ និងផ្តល់ជំនាញដល់យុវជនកម្ពុជា ជាច្រើនកន្លែង៕