Close

៦ខែ ស៊ីម៉ាក់បោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសម្រេចបានលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា

ដោយ៖ Chhan Sreyka ​​ | ថ្ងៃសុក្រ ទី២ ខែសីហា ឆ្នាំ២០២៤ ព័ត៌មានជាតិ
៦ខែ ស៊ីម៉ាក់បោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសម្រេចបានលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា ៦ខែ ស៊ីម៉ាក់បោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមសម្រេចបានលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា

សៀមរាប៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ អង្គភាពស៊ីម៉ាក់បានធ្វើប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម បានសម្រេចលើផ្ទៃដីទំហំ ១១៤លានម៉ែត្រក្រឡា និងប្រតិបត្តិការបោសសម្អាតក្រោមទឹកសម្រេចបានលើផ្ទៃទឹកចំនួនប្រមាណជា ៨០ម៉ឺនម៉ែត្រក្រឡា។ នេះ បើតាមមន្ទីរព័ត៌មានខេត្តសៀមរាបនៅថ្ងៃទី ២ ខែសីហា ឆ្នាំ ២០២៤។

ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៤ នៅសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាបឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ស៊ីម៉ាក់បានធ្វើប្រតិបត្តិការរំដោះផ្ទៃដី នៃកិច្ចប្រតិបត្តិការបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌសង្គ្រាមរបស់អង្គភាពស៊ីម៉ាក់សម្រេចបានមានជាអាទិ៍៖ ការបោសសម្អាតផ្ទៃដីចម្ការមីន និងចម្ការគ្រាប់បានចំនួន ៧៤៤គ្រាប់ លើទំហំផ្ទៃដីសម្រេចបានចំនួន ១១៤.៣៦៤.១៣០ម៉ែត្រក្រឡា រុករកឃើញ និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទសរុបចំនួន ៦៤.៧៨២គ្រាប់ ក្នុងនោះគ្រាប់មីនប្រឆាំងមនុស្សចំនួន ៨.០៩២គ្រាប់ មីនប្រឆាំងរថក្រោះចំនួន ១២៦គ្រាប់ មីនច្នៃចំនួន ៤គ្រាប់ គ្រាប់បែកទម្លាក់ពីយន្ដហោះ និងគ្រាប់បែកចង្កោមចំនួន ២៨គ្រាប់ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ៥២.៤៤៥គ្រាប់ និងកាំភ្លើងធន់តូចចំនួន៣.២៧៦គីឡូក្រាម។

ឯកឧត្តមបន្តថា ដោយឡែកសម្រាប់ប្រតិបត្តិការក្រោមទឹកវិញសម្រេចបានលើផ្ទៃទឹកចំនួន ៨០២.០០០ម៉ែត្រក្រឡា ដោយរុករកឃើញគ្រាប់មីនប្រឆាំងមនុស្សចំនួន យុទ្ធភណ្ឌមិនទាន់ផ្ទុះ បំណែកនាវា និងអំបែងសរុបបានចំនួន ២៣៥តោន។

ឯកឧត្តម ហេង រតនា បានឱ្យដឹងបន្តថា ទន្ទឹមគ្នានេះសកម្មភាពការងារអប់រំយល់ដឹងពីមីន/យុទ្ធភណ្ឌមិនទាន់ផ្ទុះ មន្រ្តីជំនាញអង្គភាពស៊ីម៉ាក់ និងបណ្តាញមីនស្ម័គ្រចិត្តបានចុះ ធ្វើការផ្សព្វផ្សាយអប់រំការយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាមដល់ក្រុមគោលដៅបានចំនួន ១៣.៦៨៤លើក ស្មើនឹង៦៧៤.៨១៦ខ្នងផ្ទះ មានប្រជាពលរដ្ឋចូលរួមសរុបចំនួន១.១៥៤.៤៥៥នាក់។

បន្ថែមពីលើការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រុមការងារជួយជនពិការដោយសារគ្រាប់មីន ដោយបានផ្តល់ប្រអប់ជើងសិប្បនិម្មិតបានចំនួន១៦៥ ឆ្នុកជើងចំនួន២៦៥ ឈើច្រត់ចំនួន១៦៤ និងរទេះជនពិការចំនួន៨គ្រឿង ចងក្រងប្រវត្តិជនពិការបានចំនួន៦៤៩នាក់ ផ្តល់សេវាកម្មសុខាភិបាលបានចំនួន៦៤៩នាក់ ផ្តល់ការហ្វឹកហ្វឺននិងប្រឹក្សាផ្នែកកសិកម្មបានចំនួន៧៤៨នាក់ និងចុះថតសម្ភាសន៍សម្រាប់ផលិតវីដេអូសក្ខីភាពបានចំនួន២០លើក។

ឯកឧត្តម ហេង រតនា ក៏បានលើកឡើងអំពីសកម្មភាពសកម្មភាពហ្វឹកហ្វឺន ស្រាវជ្រាវ របស់អង្គភាព ដោយបានពង្រឹងសមត្ថភាពនិងធាតុទន់ដល់សិក្ខាកាមអ្នកបន្តវេនបានចំនួន៤៣២នាក់ និងពង្រឹងសមត្ថភាពគ្រូបច្ចេកទេសបានចំនួន៨៤រូប រួមជាមួយការបណ្តុះបណ្តាលមន្រ្តីជំនាញលើការងារស្រាវជ្រាវចម្ការមីន និងចម្ការគ្រាប់ថ្មីៗផងដែរ។ ការស្រាវជ្រាវទៅលើការប្រើប្រាស់ម៉ាស៊ីនប្រភេទ ឧបករណ៍ផ្លុំកាយរកមីន ម៉ាស៊ីនរាវមីនដោយប្រព័ន្ធ GPR បច្ចេកទេសកាត់គ្រាប់និងចម្រាញ់សារជាតិផ្ទុះប្រើឡើងវិញ (កំពុងអនុវត្តប្រតិបត្តិការ) ប្រព័ន្ធទិន្នន័យចម្ការមីនដោយបញ្ញាសិប្បនិម្មិត និងការប្រើប្រាស់ដ្រូនលើដី និងក្នុងទឹក (តំណាក់កាលស្រាវជ្រាវ)។

ជាមួយគ្នានេះ ការងារទំនាក់ទំនងអន្តរជាតិ និងគ្រប់គ្រងគម្រោង គម្រោងដែលបានអនុម័តរួចសរុបមានចំនួន៣២គម្រោង ដែលគាំទ្រថវិកាដោយប្រទេសអាឡឺម៉ង់ ជប៉ុន ចិន អាម៉េរិក UNDP និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។ ធ្វើការសម្របសម្រួល និងសហការការជាមួយដៃគូក្នុងការត្រៀមការហ្វឹកហ្វឺនដល់ប្រទេសដែលមានផលប៉ះពាល់ដោយសារគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះដូចជាប្រទេស កូឡុំប៊ី អ៊ុយក្រែន ឡាវ និងវៀតណាមជាដើម។

មានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ខឹម សោភ័ណ ប្រធានក្រុមប្រឹក្សាភិបាលមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាផ្ទេរសិទ្ធិ បានថ្លែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់របស់មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា។ ឯកឧត្តម ក៏បានលើកទឹកចិត្តនិងជំរុញដល់មន្ត្រីស៊ីម៉ាក់ឱ្យខិតខំបំពេញការងារឱ្យបានល្អជាបន្តទៀត ដើម្បីសម្រេចបាននូវគោលដៅរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់អង្គភាពដែលបានដាក់ចេញ៕

អត្ថបទទាក់ទង