Close

៦ខែឆ្នាំនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង​ ២លាននាក់

ដោយ៖ Chhan Sreyka ​​ | ថ្ងៃអង្គារ ទី៣០ ខែកក្កដា ឆ្នាំ២០២៤ ព័ត៌មានជាតិ
៦ខែឆ្នាំនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង​ ២លាននាក់ ៦ខែឆ្នាំនេះ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជាង​ ២លាននាក់

ព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ថ្លែងថា រយៈពេល ៦ខែដើមឆ្នាំ២០២៤ ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរសរុប ២លាន ៨សែននាក់ ក្នុងនោះភ្ញៀវជាតិ ២លាន ៦សែននាក់ និងភ្ញៀវបរទេសជាង ២០ម៉ឺននាក់ បើធៀបនិង ៦ខែដើមឆ្នាំ២០២៣ មានការកើនឡើង ។

ការថ្លែងរបស់ លោក ម៉ាង ស៊ីណេត ធ្វើឡើងនារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលលោកបានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី ត្យូ ឡេឆេង Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរី ប្រចាំកម្ពុជា។

លោក សង្កត់ទៀតថា ចំពោះ ភ្ញៀវទេសចរមកអ៉ឺរ៉ុបមកកាន់ខេត្តព្រះសីហនុ គឺមកពីខេត្ត កំពត និងកែប សំដៅទៅកម្សាន្តនៅតំបន់កោះក្នុងក្រុងកោះរ៉ុង (ស្ទូចត្រី មុជទឹកមើលផ្កាថ្ម និងជីវៈចម្រុះបាតសមុទ្រ)។

លោកអភិបាលខេត្តរូបនេះ បន្តថា ចំពោះការដឹកជញ្ជូន រាជរដ្ឋាភិបាលបានកំណត់យកកំពង់ផែក្រុងព្រះសីហនុ ទៅដល់ស្រុកស្ទឹងហាវ ជាតំបន់ឧស្សាហកម្ម និងភស្តុភាកម្ម។ ចំពោះទីតាំងមួយ ចំណុច៣ គឺសំដៅការដឹកជញ្ជូនទេសចរតាមផ្លូវទឹក ពីខេត្តត្រាត ប្រទេសថៃ មកកម្ពុជា ឆ្លងកាត់ខេត្តកោះកុង ព្រះសីហនុ កំពត និងកែប បន្តទៅប្រទេសវៀតណាម ឬអាចមកពីប្រទេសវៀតណាមចូលមកកម្ពុជា និងចេញទៅប្រទេសថៃ។

ជាមួយគ្នានោះ លោក អភិបាលខេត្ត ក៏បានលើកឡើង ពីសក្តានុពល និងភូមិសាស្ត្រខេត្តព្រះសីហនុ ជាខេត្តមានសក្តានុពលសម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងទេសចរណ៍ ខេត្តព្រះសីហនុមាន ក្រុង២ និងស្រុក៣ មាន ២៩ឃុំ សង្កាត់ ស្មើនឹង ១១១ភូមិ ខេត្តមានកោះ៣២ ឆ្នេរសមុទ្រមានប្រវែង ១៧៥គីឡូម៉ែត្រ មានឧទ្យានជាតិលើគោក និងឧទ្យានជាតិបាតសមុទ្រ។ វិស័យទេសចរណ៍ជាស្នូលមួយ នៃខេត្តតំបន់ឆ្នេរទាំង៤ ក្នុងនោះមាន ខេត្តកោះកុង កំពត កែប និងខេត្តព្រះសីហនុ ឆ្នេរសមុទ្រកម្ពុជា ត្រូវបានដាក់បញ្ចូលជាសមាជិកឆ្នេរស្អាតជាងគេលើពិភពលោកនៅប្រទេស សេណេកាល់ និងជាតារារះនាទិសនារតី។

ខេត្តព្រះសីហនុ មានផ្លូវគមនាគមន៍ដូចជា ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ហើយកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចក្ខុវិស័យវែងឆ្ងាយដោយធ្វើការពង្រីកជា ៣តំណាក់កាល បច្ចប្បុន្ននេះកំពង់ផែក្រុងព្រះសីហនុ មានជំរៅទឹក ១៣,៥០ម៉ែត្រ ហើយការពង្រីកតំណាក់កាលទី៣ និងបញ្ចប់នៅឆ្នាំ២០២៩ ដែលមានជំរៅទឹករហូតដល់ ១៧,៥០ម៉ែត្រ។

ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល បានកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ហើយរាជរដ្ឋភិបាលក៏បានទម្លាក់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងចំនួន ៣៧ខ្សែ ជាយន្តការរុញច្រានខេត្តព្រះសីហនុ រៀបចំផែនការមេ អភិវឌ្ឍខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងនៅពេលខាងមុខ។

ទន្ទឹមនោះខេត្តព្រះសីហនុ បាននិងកំពុងកសាងនូវសមិទ្ធផលថ្មីៗជាច្រើនទៀតមានដូចជា រូបសំណាកនៅតាមរង្វង់មូលរាម រង្វង់មូលព្រះថោង នាងនាគ និងរូបសំណាក់ជាច្រើនផ្សេងទៀត និងខ្មែរធ្វើបាន ដែលជាសមិទ្ធផលទាក់ទាញទេសចរណ៍មកកាន់ខេត្តព្រះសីហនុ មានការកើនឡើង គួបផ្សំនឹងផ្លូវល្បឿនលឿនទីមួយតភ្ជាប់ពីរាជធានីភ្នំពេញមកកាន់ខេត្តព្រះសីហនុ។

លោកស្រីត្យូ ឡេឆេង Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសឹង្ហបុរី ទន្ទឹមនោះ លោកជំទាវ ក៏បានចង់ដឹងពីសក្តានុពលសេដ្ឋកិច្ច និងការអភិវឌ្ឍរបស់ខេត្ត និងវិស័យមួយចំនួនមានដូចជា ទេសចរណ៍ ដឹកជញ្ជូន និងទីតាំងមួយ ចំណុច៣ របស់រដ្ឋបាលខេត្តព្រះសីហនុ និងបានសន្យាជួយផ្សព្វផ្សាយពីសក្តានុពលវិនិយោគ និងទេសចរណ៍របស់ខេត្តព្រះសីហនុ ទៅកាន់អ្នកវិនិយោគ និងអ្នកទេសចរណ៍ប្រទេសសឹង្ហបុរីមកកាន់ខេត្តព្រះសីហនុ។

ក្នុងឱកាសនោះលោកស្រី ក៏បានជូនលិខិតអញ្ជើញឯកឧត្តម អភិបាលខេត្តព្រះសីហនុ ចូលរួមខួបលើកទី៥៩ នៃទំនាក់ទំនងការទូតរវាងប្រទេសសឹង្ហបរី និងព្រះរាជាណាចក្រកម្ពុជា នៅខែក្រោយប្រារព្ធធ្វើនៅរាជធានីភ្នំពេញផងដែរ៕

អត្ថបទទាក់ទង